បំណុល​របស់​អាមេរិក ឡើង​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត

  • 2019-02-13 09:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បំណុល​សាធារណៈ​របស់​អាមេរិក បាន​កើនឡើង​ដល់ ២០,០១ទ្រីលាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​នេះ​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​នេះ។ នេះបើ​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​រតនាគារ​អាមេរិក កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ។

ក្រុម​អ្នកវិភាគ​អះអាង​ថា ការ​កាត់​បន្ថយ​ពន្ធ​ប្រមាណ ១,៥ទ្រីលាន​ដុល្លារ​របស់​រដ្ឋបាល​ដូណាល់ ត្រាំ និង​ការបង្កើន​ការ​ចំណាយ​រដ្ឋាភិបាល​ (ពិសេស​ការ​ចំណាយ​យោធា) គឺជា​កត្តា​ដែល​បង្ក​ឱ្យមាន​ឱនភាព​ថវិកា និង​បំណុល​សាធារណៈ​កើនឡើង​យ៉ាង​ឆាប់រហ័ស។

ការិយាល័យ​ថវិកា​​សភា​ (CBO) កាលពី​ខែ​មុន​បាន​ប៉ាន់ស្មាន​ថា ឱនភាព​ថវិកា​អាមេរិក​នៅឆ្នាំ​២០១៩​នេះ គឺ​ប្រហែល ៩០០ពាន់​លាន​ដុល្លារ ហើយ​នឹង​លើសពី ១ទ្រីលាន​ដុល្លារ ក្នុងមួយ​ឆ្នាំ ចាប់ពី​ឆ្នាំ២០២២​តទៅ។

លោក Michael A. Peterson នាយក​ប្រតិបត្តិ​មូលនិធិ Peter G. Peterson ដែលជា​អង្គការ​ពាក់ព័ន្ធ​នឹងសារ​ពើពន្ធ​រយៈពេលវែង​របស់​អាមេរិក បាន​ឱ្យដឹង​ថា ខណៈ​ដែល​អាមេរិក​បន្ត​ខ្ចីលុយ​រាប់​ទ្រីលាន​ដុល្លារ​ទៀត នោះ​ការ​ចំណាយលើ​អត្រា​ការប្រាក់ នឹងក្លាយ​ជា​បន្ទុក​សម្រាប់​សេដ្ឋកិច្ច​ ហើយនឹង​កាន់​តែ​លំបាក​ក្នុងការផ្តល់​មូលនិធិ លើការ​វិនិយោគ​សំខាន់ៗ​របស់​ប្រទេស​នាពេល​អនាគត។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​បង់ជា​មធ្យម​ប្រមាណ ១ពាន់លាន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​រួចមក​ហើយ សម្រាប់​អត្រា​ការប្រាក់​នៃ​បំណុល ​ហើយនឹង​ត្រូវ​ចំណាយ​ប្រមាណ ៧ទ្រីលាន​ដុល្លារ សម្រាប់​អត្រា​ការប្រាក់​ក្នុង​រយៈពេល​ជាង ១​ទសវត្សរ៍​ក្រោយ»៕

ប្រភព៖ USAtoday ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;