សម្តេច ហ៊ុន សែន ថា​មិនចង់​ជ្រៀតជ្រែក​ចូល​កិច្ចការ​យុវវ័យ​ តែ​ណែនាំ​កុំឱ្យ​ប្រព្រឹត្ត​ខុស​ប្រពៃណី

  • 2019-02-14 01:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​លើកឡើងតាម​រយៈទំព័រហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី១៤កុម្ភៈនេះ​ថា យុវជន​យុវនារី​ខ្មែរ សុទ្ធតែ​ដឹង​ពី​អ្វី​ដែល​គួរ​ធ្វើ និង​អ្វី​ដែល​មិន​គួរធ្វើ ជាពិសេស​នៅថ្ងៃ​ទិវា​នៃក្តី​ស្រឡាញ់​នេះ​តែម្តង ដោយ​សម្តេច​បញ្ជាក់​ថា ការ​និយាយ​នេះ មិនមែន​ចង់​ជ្រៀតជ្រែក​ចូល​កិច្ចការ​យុវវ័យ​នោះ​ទេ តែការ​ប្រព្រឹត្តខុស​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ ក៏​មិនមែន​ជា​កិច្ចការ​យុវជន​យុវនារី​ដែរ។

សម្តេច​នាយក​រដ្ឋមន្រ្តី បាន​រៀបរាប់​បន្ត​ថា៖ «តា​មកដល់​អាយុ​ប៉ុណ្ណេះ តា​ក៏​ធ្លាប់​ឆ្លងកាត់​ជីវិត​យុវវ័យ​ដែរ។ តា​ដឹងថា អារម្មណ៍​រំភើប​ពេល​ជួបអ្នក​ដែលខ្លួន​ស្រលាញ់​វា​យ៉ាង​ដូចម្តេច។ នៅក្នុង​សម័យ​យុវវ័យ​របស់​តា និង​យាយ ទោះ​ពេលនោះ​យើង​ស្ថិតក្នុង​សម័យ​សង្គ្រាម​តស៊ូ ទោះ​ជា​ពួកយើង​ស្រលាញ់​គ្នា​យ៉ាងណា ក៏​ពួកយើង​នៅតែ​គោរព​គ្នា រក្សា​ប្រពៃណី តស៊ូ​ជាមួយគ្នា​រហូត​ដល់​ក្លាយជាប្តី​ប្រពន្ធ​ដែល​ទទួលស្គាល់​ដោយ​សង្គម»។

ជាមួយគ្នា​នេះ ប្រមុខ​រាជរដ្ឋាភិបាល បាន​សម្តែង​ក្តីរីករាយ​ចំពោះ​អត្ថបទ​របស់​អ្នកស្រាវជ្រាវ​សង្គម​ម្នាក់ ដែល​បាន​កត់សម្គាល់​ឃើញ​ថា យុវវ័យ​បច្ចុប្បន្ន ហាក់​ដូចជា​មាន​ភាព​ចាស់ទុំ​ច្រើន បើ​ប្រៀបធៀប​មើល​ពី​ឥរិយាបទ​ឆ្នាំ​មុនៗ នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ។

«ជា​ការពិត តា​តែងតែ​ចង់ឃើញ​ក្មួយៗ​ចៅៗ​កម្មករ កម្មការិនី​មាន​កូនពូន​ជាចៅ​ដោយ​សុភមង្គល ហើយ​សុភមង្គល​ត្រូវតែ​កើតចេញ​ពីការ​រៀបចំ​គ្រួសារ​មួយ​ត្រឹមត្រូវ​តាមច្បាប់ និង​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ អំពើ​ផ្សេង​ពីនេះ នឹង​មិននាំ​មកនូវ​សុភមង្គល​ឡើយ ទាំង​ខាងចៅស្រី​ក៏ដូចជា​ខាង​ចៅប្រុស»។ នេះជាការ​ណែនាំ​បន្ថែម​របស់​សម្តេច ហ៊ុន សែន៕

រូបថត​ដែលសម្តេច ហ៊ុន សែន បង្ហោះនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៤កុម្ភៈ ២០១៩

អត្ថបទ៖ សំភី

អត្ថបទថ្មី
;