នាយក​រដ្ឋមន្រ្តី​បញ្ជា​ឱ្យ​កាត់​បន្ថយ ខណៈ​ឡាវ​​មាន​មន្រ្តី​រាជការ​ច្រើន​ជាងគេ​ទី២ ក្នុង​តំបន់

  • 2019-02-14 03:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន​ប្រទេស​ឡាវ មាន​ចំនួន​មន្រ្តី​រាជការ​ប្រមាណ ១៨៤ ៨៧១​នាក់ ស្មើនឹង ២,៨% នៃ​ចំនួន​ប្រជាជន​សរុប។ ការណ៍​នេះ ធ្វើឱ្យ​ឡាវ​ក្លាយ​ជាប្រទេស​លំដាប់​ទី២ ក្នុង​តំបន់​អាស៊ាន​ដែល​មាន​ចំនួន​មន្រ្តី​រាជការ​ច្រើន​ជាងគេ បន្ទាប់ពី​ប្រទេស​ប្រ៊ុយណេ។ នេះ​បើតាម​ការ​លើកឡើង​របស់​នាយករដ្ឋមន្រ្តី​ឡាវ លោក ថងលួង ស៊ីសូលីត ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង កាលពី​ថ្ងៃទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ចំនួន​នេះ មិន​បាន​រាប់​បញ្ចូល​ទាហាន ប៉ូលិស មន្រ្តី​ជាប់កិច្ច​សន្យា និង​និយោជិត​នៅ​សហគ្រាស​របស់​រដ្ឋ​នោះទេ។

ជាមួយ​នឹង​ចំនួន​ដ៏ច្រើន​បែបនេះ លោក​នាយករដ្ឋមន្រ្តី បាន​បញ្ជា​ឱ្យ​ក្រសួង​នេះ ពន្លឿន​​កាត់បន្ថយ​ចំនួន​បុគ្គលិក​រដ្ឋ ពោលគឺ​កាត់​បន្ថយ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ស្ថាប័ន​រដ្ឋ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ស្ថាប័ន​ណា​ដែលមាន​ទំនួលខុសត្រូវ​លើ​ការងារ​ជាន់គ្នា ឬ​ស្រដៀង​គ្នា។

សារព័ត៌មាន​ឡាវ Vientianetimes បាន​ចេញផ្សាយ​នូវ​របាយការណ៍​ស្ទង់មតិ​ដែល​បាន​រកឃើញថា ចំនួន​មន្រ្តី​រាជការ​នៅក្នុង​ស្ថាប័ន​រដ្ឋ​ជាច្រើន គឺមាន​ច្រើន​លើសលុប តែ​ស្ថាប័ន​ខ្លះ​ទៀត​បែរជាមាន​តិចពេក។ ជារួម​​ចំនួន​មន្រ្តី​រាជការ ត្រូវបាន​រកឃើញ​ថា គឺ​លើសពី​តម្រូវការ។

លោក ថងលួង ស៊ីសូលីត បាន​លើកឡើង​ថា ចំនួន​បុគ្គលិក​រដ្ឋ​ដ៏ច្រើន​នេះ បាន​ក្លាយជា​បន្ទុកដ៏ធ្ងន់​ចំពោះ​ការ​ចំណាយ​ទៅលើ​ប្រាក់ខែ និង​ប្រាក់​គាំទ្រ​ផ្សេងៗ។

ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ឡាវ បាន​កាត់​បន្ថយ​ការ​ជ្រើស​រើស​មន្រ្តីរាជការ​ក្នុង​មួយឆ្នាំ ពី​ជាង ១ម៉ឺន​នាក់ មកនៅត្រឹម​តែ ៣ពាន់​នាក់​កាលពី​ឆ្នាំ​២០១៨ ហើយ​នឹង​កាត់​បន្ថយមក​នៅត្រឹម ១៥០០នាក់​តែ​ប៉ុណ្ណោះ នៅក្នុង​ឆ្នាំ​២០១៩​នេះ។

«យើង​នឹងប្រើ​មនុស្ស​ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព។ មនុស្ស​ម្នាក់ អាច​ធ្វើ​ការងារ​បាន​ច្រើន»។ មន្រ្តី​ច្រើន មិនមែន​មាន​ន័យថា សេវា​សាធារណៈ ត្រូវបាន​បញ្ជូន​ទៅឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​លឿន​នោះ​ឡើយ។ នេះជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​នាយករដ្ឋមន្រ្តី​ឡាវ៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;