កម្ពុជា-វៀតណាម យល់ព្រម​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ សូន្យ​ភាគរយ​ ​សម្រាប់​ទំនិញ

  • 2019-02-14 03:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម បាន​ឯកភាព​គ្នា​ក្នុងការ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​អត្រា​ សូន្យ​ភាគរយ សម្រាប់​ទំនិញ​នៃ​ប្រទេស​ទាំងពីរ​មួយ​ចំនួន​។ នេះ​បើ​យោង​តាម​អត្ថបទ​ព័ត៌មាន​ ដែល​ចុះផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ នា​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។

ការ​ឲ្យ​ដឹង​ដូច្នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ជាមួយ​ប្រតិភូ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ដឹកនាំ​ដោយ​លោក ដូ វឹកហឹង (Do Quoc Hung) កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​។

លោក ដូ វឹកហឹង បាន​ជម្រាប​ជូន​អំពី​លទ្ធផល​នៃ​កិច្ច​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​ក្នុង​នោះ​ភាគី​វៀតណាម បាន​ឯកភាព​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​អត្រា ០% (សូន្យ​ភាគរយ) សម្រាប់​ទំនិញ​កម្ពុជា​ចំនួន ៣២​បន្ទាត់​ពន្ធ​គយ រួម​ជាមួយ​កូតា​នាំចូល​អង្ករ​ចំនួន ៣០​ម៉ឺនតោន និង​សន្លឹក​ថ្នាំ​ជក់ ៣០០០​តោន នៅ​ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ២០២០។ ចំណែក​ភាគី​កម្ពុជា​បាន​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​អត្រា ០% (សូន្យ​ភាគរយ) ដូច​គ្នា ដល់​ទំនិញ​វៀតណាម​ចំនួន ២៦​បន្ទាត់​ពន្ធគយ​។

លោក ប៉ាន សូរស័ក្តិ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹងប្រែង​ចរចា របស់​គណៈប្រតិភូ​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​នា​ពេល​កន្លង​មក ជាពិសេស​ការ​សម្រេច​បាន​នូវ​ឯកសារ ស្តីពី​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ នៅ​តាម​បន្ទាត់​ព្រំដែន សម្រាប់​ធ្វើការ​ចុះហត្ថលេខា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម សម្រេច​បាន​គិត​ជា​ទឹក​ប្រាក់ ៣,៨ ពាន់​លាន​ដុល្លារ​អាមេរិក​ គឺ​បាន​កើន​ឡើង ២៩% ធៀប​នឹង​ឆ្នាំ​២០១៦។ ទន្ទឹម​គ្នា​នេះ តាម​រយៈ​គម្រោង​វិនិយោគ​ចំនួន ២០៦​គម្រោង ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣,២ ពាន់​លាន​ដុល្លារ បាន​ធ្វើ​ឲ្យ​វៀតណាម ក្លាយ​ជា​ដៃគូ​វិនិយោគ​ធំ​ទី​៥ របស់​កម្ពុជា ខណៈ​ក្រុមហ៊ុន​របស់​កម្ពុជា បាន​វិនិយោគ​ត្រឹម​តែ ១៨​គម្រោង នៅ​ក្នុង​ប្រទេស​វៀតណាម​ ដែល​តម្លៃ​ជា​ទឹកប្រាក់ ៥៨,១​លាន​ដុល្លារ​ប៉ុណ្ណោះ​៕

រូបថត៖ ក្រសួងពាណិជ្ជកម្ម​

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;