កម្ពុជា-ថៃ ឯកភាព​បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន

  • 2019-02-14 06:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា-ថៃ បាន​ឯកភាព​ជំរុញ​​បន្ត​នូវ​ភារកិច្ច​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ។ នេះបើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅក​ម្ពុជា-ថៃ លើក​ទី១៤ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​រាជធានីភ្នំពេញ។ ​កិច្ចប្រជុំនេះ ត្រូវបាន​ដឹកនាំ​ដោយ​សហ​ប្រធាន​សម្ដេច​ ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កម្ពុជា និង​នាយ​ឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwon) ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ។

កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំ​ឡើង ដោយ​យោង​តាម​កិច្ចព្រមព្រៀង នៃការ​បង្កើត​កិច្ចសហប្រតិបត្តិការ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ក្នុង​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ ដើម្បី​សន្តិភាព និង​សន្តិសុខ ក្នុង​តំបន់​ព្រំដែន ក៏​ដូចជា​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​រវាង​កងទ័ព និង​កង​ឯកភាព​សន្តិសុខ​ ពាក់ព័ន្ធ​ដទៃទៀត​របស់​កម្ពុជា និង​ថៃ។

ភាគី​កម្ពុជា-ថៃ បាន​បញ្ជាក់​អំពី​សារៈ​សំខាន់ នៃការ​ប្រជុំ​​គណៈកម្មាធិការ​​ព្រំដែន​ទូទៅ​លើក​ទី១៤ ដែលបាន​ផ្តល់នូវ​ការ​ណែនាំ និង​ទិសដៅ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ល្អ​ដែលមាន​ស្រាប់ និង​កិច្ច​សហប្រតិបត្តិការ​ដ៏មាន​សារៈប្រយោជន៍​ រវាង​កងទ័ព​ទាំងពីរ​នៅ​គ្រប់​កម្រិត​ទាំងអស់​ កាន់តែ​ប្រសើរឡើង​ថែមទៀត សម្រាប់​ជាការ​លើកកម្ពស់​ដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ តាម​បណ្តោយ​ព្រំដែន។

ភាគី​ទាំងពីរ​បាន​ពិនិត្យ​ឡើងវិញ​នូវ​លទ្ធផល​នៃការ​អនុវត្ត​កម្មវិធី​កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ ដែលដាក់​ចេញ​ដោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​លើកទី១៣ កាលពី​ថ្ងៃទី២១ ខែ​មីនា ឆ្នាំ​២០១៨ នៅទីក្រុង​បាងកក ប្រទេស​ថៃ ដូចជា៖ កិច្ច​សហប្រតិបត្តិការ​លើការ​ឆ្លងកាត់​ព្រំដែន បញ្ហា​ពលករ ការ​ទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​កម្ពុជា ជាមួយ​បណ្តា​អង្គភាព​សន្តិសុខ​ថៃ ក្នុង​តំបន់​ព្រំដែន បញ្ហា​កសិកម្ម បញ្ហា​សុខភាព​សាធារណៈ ការ​អភិវឌ្ឍ​ជីវភាព​រស់នៅ សាសនា និង​វប្បធម៌។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា ថៃ លើក​ទី១៥ ហើយ​នឹង​ធ្វើការ​ជូនដំណឹង​មក​ភាគី​កម្ពុជា​អំពី​កាលបរិច្ឆេទ និង​ទីកន្លែង​នៅពេល​ក្រោយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;