កម្ពុជា មាន​អគារ​ជាង ១​ពាន់ និងបុរី​ជាង ២០០​ទីតាំង ដែល​ជា​ស្នាដៃ​ស្ថាបត្យករ-វិស្វករ​ខ្មែរ

  • 2019-02-14 08:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​អគារ​សាធារណៈ​ចំនួន ១១២៧​អគារ និង​បុរី​លំនៅឋាន​ចំនួន​ជាង ២០០​ទីតាំង​ធំៗ ដែល​សុទ្ធសឹង​តែមាន​ការ​ចូលរួម​ចំណែក​ពី​ស្ថាបត្យករ និង​វិស្វករ​ខ្មែរ។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ AKP កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

លោក ឡៅ ទិព្វសីហា រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ​បាន​ឱ្យដឹង​ថា ការ​អភិវឌ្ឍ​វិស័យ​សំណង់ នៅ​កម្ពុជា​ចាប់តាំង​ពីឆ្នាំ១៩៨៤​មក សុទ្ធតែ​មានការ​ចូលរួម​ចំណែក​បញ្ចេញ​ស្នាដៃ​យ៉ាងច្រើន ពី​វិស្វករ​សំណង់ ពី​ស្ថាបត្យករ និង​អ្នកបច្ចេកទេស​ជំនាញ​របស់​កម្ពុជា​ផ្នែក​ទឹក ភ្លើង ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​អគ្គិភ័យ ដើម្បី​ធ្វើឱ្យ​សម្រេច​បាន​នូវ​អគារ​សាធារណៈ និង​អគារ​ឯកជន​ទូទៅ។ លោក​បានលើក​ជា​ឧទាហរណ៍​ជាក់ស្តែង​ដូចជា អគារ​វិមាន​សន្តិភាព សាងសង់​ដោយវិស្វករ​ខ្មែរ និង​រចនាតាម​បែបខ្មែរ​សម្រាប់​ប្រើប្រាស់​ជា​ការិយាល័យ នាយក​រដ្ឋមន្ត្រី និងជា​កន្លែង​ប្រជុំ​អន្តរជាតិ។

លោក​បាន​លើកឡើង​ថា ចំពោះ​អគារ​ថ្មីៗ ​ដូចជា អគារ​គយ និង​រដ្ឋាករ​កម្ពុជា អគារ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អគារក្រសួង​ដែនដី​ជាដើម ចំណែក​ឯ អគារ​ពាណិជ្ជកម្ម​ឯកជន​វិញ មាន​ដូចជា អគារ​វឌ្ឍនៈ អគារ​កាណាឌីយ៉ា និង​ខុនដូថ្មីៗ​ជាច្រើន ដែល​ទាំងអស់​នេះ​សុទ្ធតែ​មានការចូលរួម សាងសង់​ដោយ​វិស្វករ​ខ្មែរ។

យ៉ាងណា​ក៏ដោយ លោក​រដ្ឋលេខាធិការ​ទទួលស្គាល់​ថា សមិទ្ធផល​ទាំងនេះ​ ក៏មាន​ការ​ចូលរួម​ចំណែក​ពី​ស្ថាបត្យករ និង​វិស្វករ​បរទេស​ផងដែរ។ បើ​តាម​លោក ឡៅ ទិព្វសីហា បានគូស​បញ្ជាក់​ថា វិស្វករ និង​ស្ថាបត្យករ​ខ្មែរ​ មាន​សមត្ថភាព​ចូលរួម​ចំណែក​ក្នុងការ អភិវឌ្ឍ​វិស័យ​សំណង់​អគារ​ទំនើបៗ មិនចាញ់​វិស្វករ និង​ស្ថាបត្យករ​បរទេស​ឡើយ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;