សម្តេច ហ៊ុន សែន៖ ការ​ដក ឬ​មិន​ដក EBA គឺ​មិន​ធ្វើឱ្យ​កម្ពុជា ស្លាប់ ឬ​ក្លាយ​ជាអ្នក​មាន​នោះទេ

  • 2019-02-14 09:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ដក ឬមិនដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ក្រោម​កម្មវិធី «គ្រប់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ (EBA)» របស់​សហភាព​អឺរ៉ុប គឺមិនបាន​ធ្វើឱ្យកម្ពុជា​ស្លាប់ ឬក្លាយ​ជាអ្នកមាននោះទេ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែង​ក្នុងសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ នាថ្ងៃទី១៤កុម្ភ:​ ២០១៩
សម្តេច​លើកឡើង​ថា យូរ ឬ​ឆាប់ ប្រព័ន្ធ EBA គង់តែ​ត្រូវ​បាត់បង់ នៅ​ពេល​សេដ្ឋកិច្ច​​កម្ពុជា ដើរ​ដល់​ដំណាក់កាល​ណាមួយ​នោះ គ្រាន់តែ​ពីមុន​ធ្លាប់​ចំណេញ​ច្រើន តែ​ក្រោយពេល​ដក EBA គឺ​ចំណេញ​តិច​តែ​ប៉ុណ្ណោះ ហើយត្រូវកែប្រែបញ្ហា​ប្រឈម​នេះ ទៅជាឱកាស​។

សម្តេច​ពន្យល់​ថា ការ​រកស៊ី​ គឺមាន​ការ​បង់ពន្ធ​ឱ្យគ្នា​ទៅវិញទៅមក ស្មើភាព និង​សមហេតុ​សមផល តែមិន​អាច​បញ្ជា​ឱ្យ​កម្ពុជា ធ្វើ​តាម​ចិត្ត​ចង់​របស់​គេ​នោះទេ។ «មិនអាច​យក​អធិបតេយ្យ​ភាព ដូរយក​ជំនួយ​អ្នកណា​ទាំងអស់»។

ជាមួយ​គ្នានេះ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ មន្រ្តី​រាជការ និង​កម្មករ មាន​ការ​បារម្ភ​ចំពោះ​បញ្ហា EBA នេះ។ «ប្រសិន​បើ​កម្មករ​នៅតែ​មាន​ការងារ​ធ្វើ មាន​ប្រាក់ខែ កុំ​ខ្វល់​ថា អ្នកណា​និយាយ​អំពី​អ្វី»។ ចំពោះ​ប្រាក់ខែ​របស់​មន្រ្តីរាជការវិញ សម្តេច​បញ្ជាក់​ថា គ្រាន់​តែចំណូល​ពន្ធគយ​មួយ គឺ​គ្រប់គ្រាន់​សម្រាប់​បើកប្រាក់​ខែ។

យ៉ាងណា​ក៏ដោយ សម្តេច ហ៊ុន សែន អះអាង​ថា បញ្ហា EBA នឹង​មិន​ធ្វើឱ្យ​​កម្ពុជា និង​អឺរ៉ុប កាត់ផ្តាច់​ទំនាក់ទំនង​គ្នាឡើយ ពោលគឺ​នឹង​បន្ត​ពិភាក្សាគ្នា ពិសេស​គឺ​សម្រេច​កិច្ចការ​រួមគ្នា នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​ក្នុងឆ្នាំ២០២០​ខាងមុខ​នេះ ហើយ​​ក្រុមហ៊ុន​អឺរ៉ុប នៅតែ​​បន្ត​រកស៊ី​នៅ​កម្ពុជា​​ដូច​ធម្មតា។

សូម​ជម្រាប​ថា ដំណើរការ​នីតិ​វិធី​របស់​សហភាព​អឺរ៉ុប ក្នុងការ​ឈាន​ដល់​ការព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា គឺមាន​រយៈពេល ១៨​ខែ គិតចាប់​ពីថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;