សង្គ្រាម ​សម្លាប់​កុមារ​ជាង ១សែន​នាក់​ក្នុង​មួយ​ឆ្នាំ

  • 2019-02-15 02:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាង​ហោច​ណាស់ ​កុមារ ១​សែន​នាក់ បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ដោយសារ​សង្គ្រាម​ និង​ផលប៉ះពាល់​របស់​វា រួមផ្សំ​នឹង​កត្តា​ភាព​អត់ឃ្លាន និង​កង្វះ​ជំនួយ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ Save the Children International នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។

របាយការណ៍​ឲ្យ​ដឹង​ថា ប្រទេស​ចំនួន​១០ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដោយសារ​សង្គ្រាម ​មាន​កុមារ​ស្លាប់​ប្រហែល ៥​សែន ៥​ម៉ឺននាក់ គិត​ចាប់​ពី​ឆ្នាំ​២០១៣ ដល់ ​២០១៧។ សង្គ្រាម បាន​បណ្ដាល​ឲ្យ​ខូចខាត​មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យ​កង្វះ​ការ​ទទួល​បាន​ការ​គាំពារ​សុខភាព អនាម័យ ជំនួយ​ផ្សេងៗ និង​បង្ក​ភាព​អន់​ឃ្លាន​។

ប្រភព​បន្ត​ថា កុមារ​ទទួល​រង​ការ​គំរាមកំហែង សម្លាប់ ឬ ត្រូវ​ពិការ ឬ ត្រូវ​បាន​ក្រុម​ជន​អាក្រក់​ចាប់ខ្លួន បង្រៀន​ឲ្យ​កាន់​អាវុធ​ធ្វើ​សង្គ្រាម និង​ត្រូវ​រង​ទារុណកម្ម​ផ្លូវ​ភេទ​ជាដើម​។

របាយការណ៍​របស់ Save the Children ដែល​ត្រូវ​បាន​សិក្សា​ដោយ​វិទ្យាស្ថាន Peace Research នៅក្រុង​ Oslo បាន​រកឃើញ​ថា ក្នុង​ឆ្នាំ​២០១៧ កុមារ​ជាង ៤២០​លាន​នាក់ កំពុង​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ជម្លោះ សង្គ្រាម​។ តួលេខ​នេះ ស្មើ​នឹង ១៨​ភាគរយ នៃ​ចំនួន​កុមារ​សរុប នៅ​ទូទាំង​ពិភពលោក ឬ​កើន​ឡើង​ ៣០​លាន​នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦។

​ប្រទេស​ដែល​មាន​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​ខ្លាំង​បំផុត​ទាំង​១០​ មាន​ដូចជា អាហ្វហ្គានីស្ថាន សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ អ៊ីរ៉ាក់ ម៉ាលី នីហ្សេរីយ៉ា សូម៉ាលី ស៊ូដង់​ខាងត្បូង ស៊ីរី និង​ យេមែន៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;