រជ្ជទាយាទ​ប្រទេស​សេដ្ឋី​ប្រេង គ្រោង​ចាប់​ដៃគូ​ជាមួយ Man Utd

  • 2019-02-18 07:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជទាយាទ​ Mohammed Bin Salman របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មាន​បំណង​ក្នុង​ការ​សហការ​ជា​ដៃ​គូ ជាមួយ​ក្លឹប​បាល់ទាត់​នៅ​ចក្រភព​អង់គ្លេស Manchester United តាម​រយៈ​ការ​ឧបត្ថម្ភ​មួយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ព័ត៌មាន​របស់​អារ៉ាប៊ីសាអ៊ូឌីត នៅ​ថ្ងៃ​នេះ​។

រាជទាយាទ​ Mohammed Bin Salman របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត (រូបថត៖ Reuters)
លោក​រដ្ឋមន្ត្រី​ Turki al-Shabanah បាន​ច្រាន​ចោល​ព័ត៌មាន​ទាំងឡាយ​ណា ដែល​បាន​ចុះផ្សាយ​ថា រាជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត មាន​បំណង​ទិញ​យក​ក្លឹប​បិសាចក្រហម Man Utd ពី​គ្រួសារ Glazer ដែល​បាន​គ្រប់គ្រង​ក្លឹប​នេះ​ជា​ច្រើន​ជំនាន់​មក​ហើយ​។

នៅ​ថ្ងៃ​ចន្ទ ទី​១៨​កុម្ភៈ​នេះ លោក​រដ្ឋមន្ត្រី​ព័ត៌មាន​បាន​បញ្ជាក់​ថា មន្ត្រី​របស់​មូលនិធិ​សម្រាប់​វិនិយោគ​សាធារណៈ​របស់​អារ៉ាប៊ីសាអ៊ូឌីត បាន​ជួប​ជាមួយ​មន្ត្រី​ក្លឹប​ខាងលើ ដើម្បី​ពិភាក្សា​ពី​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​មួយ។ ក៏​ប៉ុន្តែ ជំនួប​នេះ​មិន​ទាន់​ចេញ​ជា​ផ្លែផ្កា​ណា​មួយ​នៅ​ឡើយ​ទេ​។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សារព័ត៌មាន​ The Sun នៅ​អង់គ្លេស បាន​ចុះផ្សាយ​ថា រាជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត មាន​បំណង​ទិញ​យក​ក្លឹប Man Utd ក្នុង​តម្លៃ ៣,៨ ពាន់​លាន​ផោន ឬ ៤,៩ ពាន់​លាន​ដុល្លារ​អាមេរិក​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;