ក្រុមហ៊ុន​១ ​ដាក់ទុន ៧០លាន​ដុល្លារ​ វិនិយោគ​លើ​អាង​ចិញ្ចឹមត្រី និង​ជម្រក​សត្វ​ជិត​ផុតពូជ នៅ​​កម្ពុជា

  • 2019-02-18 09:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន អង្គរ វ៉ាយដ៏ឡាយហ្វ៍ និង អីឃ្វារៀម បាន​វិនិយោគ​លើ​ជលវប្បដ្ឋាន(អាង​ចិញ្ចឹមត្រី) ត្រី​ទឹកសាប និង​ទឹកប្រៃ ព្រមទាំង​ជម្រក​អភិរក្សសត្វ​ជិត​ផុតពូជ នៅ​ភូមិក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប។ គម្រោង​នេះ ត្រូវបាន​បង្ហាញ​ដោយ​លោក Roger Reynolds ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​នេះ ទៅកាន់​លោក​ ទៀ សីហា អភិបាល​ខេត្ត​សៀមរាប ក្នុង​ជំនួប​ពិភាក្សា​គ្នាមួយ​ នាព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

រូបតំណាង
លោក Roger Reynolds បាន​ឲ្យដឹង​ថា គម្រោង​នេះ ស្ថិត​ក្រោម​កម្រង​ក្រុមហ៊ុន​សហកម្មសិទ្ធិ ដោយមាន​ភាគហ៊ុន​វិនិយោគ​ខ្មែរ អាមេរិក និង​ជប៉ុន រួម​សហការ​គ្នា ដោយ​ប្រើប្រាស់​ទុន​សរុប ៧០លាន​ដុល្លារ នៅលើ​ផ្ទៃដី​ប្រមាណ ១០០​ហិកតា។

លោក​បញ្ជាក់​ថា គម្រោង​នេះ ត្រូវ​ចែកចេញ​ជាបី​ដំណាក់កាល ហើយក្នុង​ដំណាក់​កាល​ទី១​នេះ ប្រើប្រាស់​ថវិកា ២០លាន​ដុល្លារ ដែលនឹង​គ្រោងបើក​ការដ្ឋាន ក្នុងខែ​មីនា ឆ្នាំ​២០១៩ ខាងមុខ​នេះ ហើយ​នឹង​បើកឲ្យដំណើរការ​នៅចុងឆ្នាំ​២០២០។ ក្នុង​គម្រោង​នៃ​ដំណាក់ការ​ទី១​នេះ ក៏ជា​ការ​ត្រៀម ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ឱ្យ​បន្ត​ស្នាក់នៅ​ខេត្ត​សៀមរាប។

រូបតំណាង

លោក​បន្ថែម​ថា គម្រោង​នេះ គឺ​មិន​ត្រឹមតែ​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប៉ុណ្ណោះ​ទេ គឺ ផ្តល់នូវ​ការ​អប់រំ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ អំពី​បរិស្ថាន និង​ការ​អភិរក្ស​ប្រភព​ធនធាន​ធម្មជាតិ តាមរយៈ​ការ​បង្ហាញ​នូវ​រូបភាព​ឯកសារ អំពី​ប្រភេទ​មច្ឆា​ក្នុង​ទឹក​ដ៏​កម្រ ដល់​សិស្ស និសិ្សត និង ប្រជាពលរដ្ឋ សំខាន់​ភ្ញៀវ​ទេសចរ​បរទេស បាន​ទស្សនា​សិក្សា​ស្វែងយល់ អំពី​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ។

ក្នុង​ជំនួប​នេះ លោក ទៀ សីហា បាន​លើកឡើង​ថា គម្រោង​នេះ​គឺ​ជា​សមិទ្ធផលថ្មី​មួយ​របស់​ខេត្ត​សៀមរាប ដែល​ទន្ទឹង​រង់ចាំ​ជាយូរ​មកហើយ ក្នុង​ការ​បម្រើ​នូវ​សេចក្តី​ត្រូវការ របស់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ការ​បង្កើន​នូវ​ការ​ស្នាក់នៅ​ក្រុង​សៀមរាប បាន​យូរ​ថ្ងៃ​ផងដែរ។

ក្នុងនោះ​ដែរ លោក​អភិបាលខេត្ត​ក៏បាន​ធ្វើការ​ណែនាំ​មួយ​ចំនួន ព្រមទាំង​លើក​នូវ​មតិ​ល្អៗ​ដល់​ក្រុមហ៊ុន គឺ ស្នើ​ឱ្យ​ក្រុមហ៊ុន ធ្វើ​កិច្ច​សហការ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​កត្តា​សំខាន់​នោះ គឺការ​ធ្វើ​ពាក្យ​សុំច្បាប់​សាងសង់​ឲ្យបាន​ត្រឹមត្រូវ​ជាមុន ព្រមទាំង​ធ្វើការ​ត្រួត​ពិនិត្យ​ឡើងវិញ នូវ​ទីតាំង​របស់​គម្រោង អំពី​ទីទួល​បុរាណដ្ឋាន ដើមី្ប​ជៀសវាង​ការ​រំខាន​ណាមួយ ក្នុងពេល​កំពុង​ដំណើរការ​សាងសង់ ជាហេតុ​ធ្វើឲ្យមាន​ការ​យឺតយ៉ាវ​របស់​គម្រោង​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;