គម្រោង​អភិវឌ្ឍន៍​ទីក្រុង​​​មួយ​នៅ​កោះកុង តម្លៃ​ជាង ៥០០លាន​ដុល្លារ បាន​ការ​យល់ព្រម​ពី CDC

  • 2019-02-20 02:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ ជូន​ដល់​ក្រុមហ៊ុន Union City Development Group Co.,Ltd លើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍ TEMI ដែល​មាន​ទីតាំង​វិនិយោគ​នៅ​ស្រុក​គិរីសាគរ ខេត្ត​កោះកុង។

គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​ដែល​មាន​ទុនវិនិយោគ​ប្រមាណ ៥០០,៤លាន​ដុល្លារ​នេះ រួមមាន៖ សណ្ឋាគារ​ថ្នាក់ផ្កាយ​៥ ចំនួន​៨០០​បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តារាង​វាយ​កូនហ្គោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋាន​ទេសចរណ៍ សួន​កម្សាន្ត ចំណត​កប៉ាល់ និង​គម្រោង​ផ្សេងៗ​មួយចំនួន​ទៀត ដែល​អាច​បង្កើត​ការងារ​បាន​ចំនួន ៥១៥០​កន្លែង។

បើតាម​កញ្ញា Lin Wang នាយក​ទីផ្សារ​ក្រុមហ៊ុន Union Group បាន​ឱ្យដឹង​ក្នុងពិធីបង្ហាញ​គម្រោង​សាងសង់​ទីក្រុង TEMI កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩​ថា TEMI ដែល​មក​ពីពាក្យ​កាត់ជា​អក្សរ​អង់គ្លេស ទេសចរណ៍ (T-Tourism) ផ្នែក​អេកូឡូស៊ី(E-Ecological) សមុទ្រ(M-Marine) និង អន្តរជាតិ(I-International) ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ជាង​៥​គីឡូម៉ែត្រ ក្នុង​ដំណាក់​កាលទី១ មាន​លក្ខណៈ ជា ​វីឡា​រីសត អូប័រ​ទេសចរណ៍ ទូក​កម្សាន្ត ប្រហែល​ជាង​១០០០។

កញ្ញា​បន្ថែម​ថា គម្រោង​នេះ មាន​រយៈពេល ១០ឆ្នាំ ហើយ​នៅពេល​សាងសង់​រួច ទីក្រុង​នេះ​នឹង​អាចផ្ទុកមនុស្ស​បាន ៣០ម៉ឺន​នាក់។ បច្ចុប្បន្ន​ទីក្រុង​នេះ កំពុង​ត្រូវបាន​សាងសង់​ដែលនឹង​ចេញជា​រូបរាង​ផ្ទះ​គំរូ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;