ONE Championship៖ ខុន ស៊ីចាន់ តាំង​ចិត្ត​ខ្ពស់ ទោះ​គូប្រកួត​ជា​កីឡាករ​ខ្លាំង​ខាងក្បាច់​ MMA

  • 2019-02-20 05:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករគុនខ្មែរ ខុន ស៊ីចាន់ តាំងចិត្តថានឹងបញ្ចេញឲ្យអស់សមត្ថភាព ពេល​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS របស់​ ONE Champoinship នៅ​ប្រទេស​សិង្ហបុរី នាថ្ងៃ​សុក្រ ទី២២ ខែកុម្ភៈ​ខាងមុខនេះ។

ខុន ស៊ីចាន់ ជាមួយ​ខ្សែ​ក្រវាត់ Khmer Warrior Challenge (KWC)
ទោះ​ខកខាន​ប្រកួត​យុទ្ធគុនចម្រុះ (MMA) ជិត​១ឆ្នាំ​ហើយ​ក៏ដោយ ក៏ ខុន ស៊ីចាន់ បានអះអាង​ថា​ខ្លួន​នៅមានស្មារតីល្អ ហើយរឹតតែមានទំនុកចិត្តខ្ពស់ ដោយសារបានហ្វឹកហាត់ត្រៀមជាមួយគ្រូបង្វឹកជំនាញៗ ក៏ដូចជាជាមួយកីឡាករលំដាប់ខ្ពស់របស់កម្ពុជាផងដែរ។

ស៊ីចាន់ ប្រាប់មុនពេលទៅប្រកួតថា៖ "ជិតដល់ថ្ងៃទៅប្រកួតនៅសិង្ហបុរី ខ្ញុំត្រៀមខ្លួនអស់ហើយ ទាំងការហាត់បច្ចេកទេស និងកម្លាំងទាំងអស់។ ខ្ញុំត្រៀមខ្លួនប្រឹងឲ្យអស់ពីសមត្ថភាព អត់ខ្លាចគេទេ"។

កីឡាករ​មកពីខេត្ត​ឧត្តរមានជ័យ​រូបនេះ តែង​ធ្វើ​ដំណើរ​មក​បោះ​ជំរុំ​ហ្វឹកហាត់ប្រដាល់​នៅរាជធានីភ្នំពេញ ដើម្បី​បាន​ហាត់រៀនជាមួយគ្រូបង្វឹកជនជាតិស្កុតឡែន លោក Alan Mccune នៅ​ក្លឹប​ Phnom Penh MMA។

ខុន ស៊ីចាន់ ជាមួយ​គ្រូបង្វឹក​ស្កុតឡែន Alan Mccune

ស៊ីចាន់ បានបន្ថែមថា៖ "រាល់ថ្ងៃ ខ្ញុំខំហាត់ខ្លាំងជាងគេគឺក្បាច់ប្រដាល់​សេរី ខ្ញុំចេះច្រើនហើយ តែ​​គូប្រកួត​របស់​ខ្ញុំ​លើកនេះ គឺគេល្អ​ក្បាច់​ MMA អីចឹងខ្ញុំហាត់ MMA ការពារហើយ។ ខ្ញុំ​នឹង​វាយសេរីច្រើនជាង ដើម្បីកុំឲ្យគេចូលប្រើក្បាច់ MMA បាន"។

ខុន ស៊ីចាន់ ក៏បានបញ្ជាក់ដែរថា ក្រៅពី​ហាត់​ជាមួយ​លោក Alan ខ្លួន​ក៏បាន​ហាត់​ក្បាច់​ក្លេរ​ពី​លោក Fernando Salvador ជើងខ្លាំង​ខ្សែ​ក្រវាត់​ខ្មៅ​ក្បាច់​ក្លេ ជីជីតស៊ូ ដែល​មាន​ប្រវត្តិ​បង្ហាត់​ក្លាច់​ក្លេ ជិត ៣០ឆ្នាំមកហើយ។

ខុន ស៊ីចាន់ ជាមួយគ្រូបង្វឹក​ជំនាញក្លេ Fernando Salvador (ស្ដាំ)

ស៊ីចាន់ ធ្លាប់ប្រកួត MMA ៥ដង (ឈ្នះ ៣ដង ចាញ់ ២ដង) ប៉ុន្តែ​ទើបប្រឡូក​នៅ ONE Championship តែ២ដងប៉ុណ្ណោះ (ឈ្នះ ១ ចាញ់ ១)។ ប្រកួត​ចុងក្រោយស៊ីចាន់ ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Riski Umar ដោយ​ពិន្ទុ កាលពីខែមីនា ឆ្នាំ២០១៨។ ចំណែក​ Rudy Agustian ទើប​ប្រកួត​នៅ ONE ២ដងដែរ ប៉ុន្តែ​ឈ្នះទាំង២ ដង។ ប្រកួត​ចុងក្រោយ​កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កីឡាករ​រូបនេះ ឈ្នះកីឡាករ​បង់ក្លាដែស Asraful Islam ដោយ​ពិន្ទុ។

សូមបញ្ជាក់ថា ស៊ីចាន់ និង Agustian ជា​គូបើកឆាក​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS។ ចំណែក​កីឡាករ​គុនខ្មែរ​១រូបទៀត គឺ គង់ សំបូរ ជា​គូទី៤៕

អត្ថបទ៖ Matias, សុវត្ថិ

អត្ថបទថ្មី
;