កីឡាករ​គុនខ្មែរ គង់ សំបូរ នឹង​ប្រកួត​ឲ្យ​កក្រើក​សង្វៀន ONE Championship សិង្ហបុរី

  • 2019-02-20 06:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គង់ សំបូរ មក​ពី​ក្លឹប Kingdom Fight Gym ឬ អាណាចក្រប្រយុទ្ធក្នុង​ខេត្ត​សៀមរាប នឹង​ត្រូវ​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​សង្វៀន​ដ៏ធំ ONE Championship នៅសិង្ហបុរី នាថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ដោយ​ត្រូវ​ប៉ះ​កីឡាករ​ចិន Zhang Chenglong ក្នុង​វិញ្ញាសា​ប្រដាល់​សេរី Kickboxing។

លោក Kwok Leung Tsang ដែល​ជា​ម្ចាស់​ក្លឹបអាណាចក្រ​ប្រយុទ្ធ បាននិយាយ​មុនការប្រកួត​នេះថា៖ "វាជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់គាត់ (គង់ សំបូរ)។ លើកទីមួយហើយដែល​គាត់​បានប្រកួតក្រៅប្រទេស ពីកម្ពុជាទៅសិង្ហបុរី ទឹកដីខុសគ្នាឆ្ងាយដូចមេឃ និងដី"។

មុនការប្រកួតខាងមុខនេះ ទាំង​លោក Tsang លោកគ្រូបង្វឹក​ជា រិទ្ធិ និង​កីឡាករ​គង់ សំបូរផ្ទាល់ សុទ្ធតែ​ទទួលស្គាល់ថា កីឡាករ​ចិន Zhang ជាកីឡាករល្អម្នាក់ ជាពិសេសជា​កីឡាករ​ដែល​មាន​បទពិសោធន៍​នៅ​​សង្វៀន​ល្បី ដូចជា GLORY ជាដើម។

លោកគ្រូបង្វឹក ជា រិទ្ធ (ឆ្វេង) កីឡាករ​គង់ សំបូរ (កណ្ដាល) និងលោក Kwok Leung Tsang ប្រធាន​ក្លឹប​អាណាចក្រ​ប្រយុទ្ធ ធ្វើ​ដំណើរ​ពីសៀមរាប ទៅ​សិង្ហបុរី
លោក Tsang បញ្ជាក់ថា៖ "Zhang ជាអ្នកប្រដាល់កាចសាហាវ និងចូលមិនចេះថយម្នាក់។ អ្នកទស្សនាគេចូលចិត្តអ្នកប្រយុទ្ធបែបអីចឹង ហើយនោះគឺអ្វីដែលយើងនឹងបង្ហាញ"។

លោក​បញ្ជាក់​ជា​ចុងក្រោយថា៖ "យើងមកនេះដើម្បីតំណាងឲ្យកម្ពុជា ហើយយើងនឹងប្រកួតឲ្យផ្ទុះឆាកតែម្តង"។

សូមបញ្ជាក់ថា គង់ សំបូរ មិន​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​នៅសង្វៀន​អន្តរជាតិ​ពីមុនមកទេ ប៉ុន្តែ​កីឡាករ​រូបនេះ ធ្លាប់​ប្រកួត​គុនខ្មែរ ៩២ដង (ឈ្នះ ៦៨ដង ចាញ់ ១៨ដង និង​ស្មើ ៦ដង)។ ចំណែក​កីឡាករ​ចិន Zhang Chenglong ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​អន្តរជាតិ​ជាច្រើន​សង្វៀន ដែល​មាន​ប្រវត្តិ​ប្រកួតឈ្នះ ៤៦ដង ចាញ់ ១២ដង និង​ស្មើ​ម្ដង៕

អត្ថបទ៖ Matias, សុវត្ថិ

អត្ថបទថ្មី
;