អ៊ីស្រាអែល ជិត​ក្លាយជា​មហា​អំណាច​អវកាស​ទី៤​ហើយ ដែល​បញ្ជូន​យាន​ទៅ​ដល់ភព​ព្រះចន្ទ

  • 2019-02-20 08:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីស្រាអែល សង្ឃឹម​ថា នឹង​ក្លាយ​ជាប្រទេស​ទី៤ក្នុង​ពិភពលោក ដែល​បាន​ទៅ​ដល់​ភព​ព្រះចន្ទ តាមរយៈ​ការ​ដាក់​យានអវកាស​អង្កេត​គ្មាន​មនុស្ស​បើក​មួយ​ឈ្មោះ «Beresheet» នៅ​លើផ្ទៃដី​នៃ​ភព​នេះ។

យាន​អវកាស​នេះ នឹង​ត្រូវបាញ់​បង្ហោះ​តាមរយៈ​គ្រាប់​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន Space X ចេញពី​មជ្ឈមណ្ឌល​ Cape Canaveral រដ្ឋ Florida សហរដ្ឋ​អាមេរិក នាថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ Beresheet ​មាន​ទម្ងន់​ត្រឹម​តែ១៦០គីឡូក្រាម​ប៉ុណ្ណោះ​ជាមួយ​តម្លៃ​ត្រឹម ១០០លាន​ដុល្លារ បាន​ធ្វើឱ្យ​វា​ក្លាយជា​យាន​ដែល​តូច និង​ថោក​ជាងគេ​បំផុត ដែលបាន​ទៅដល់​ព្រះចន្ទ ប្រសិន​បើ​ការ​បាញ់បង្ហោះ​នេះ ទទួល​បាន​ជោគជ័យ។

សូម​ជម្រាប​ថា មកដល់​ពេលនេះ មានតែ​ប្រទេស​៣ប៉ុណ្ណោះ​ដែល​បាន​បញ្ជូន​យាន​អវកាស​ទៅដល់​ផ្ទៃដី​ភព​ព្រះចន្ទ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី (អតីត​សហភាព​សូវៀត) និង​ចិន។

ការ​បង្កើត​យាន​អវកាស​នេះ គឺក្រោម​កិច្ច​សហការ​រួមគ្នា​រវាង​ក្រុមហ៊ុន​ឯកជន SpaceIL និង​ក្រុមហ៊ុន​រដ្ឋ Israel Aerospace Industries ប៉ុន្តែ​ក្រុមហ៊ុន SpaceIL គឺជា​ផ្តល់​មូលនិធិ​ស្ទើរតែ​ទាំងស្រុង។

លោក Ido Anteby នាយកប្រតិបត្តិក្រុមហ៊ុន SpaceIL បាន​ឱ្យ​ដឹងថា យានអវកាស​ Beresheet នឹង​ត្រូវចំណាយ​ពេល​ប្រមាណ​ជិត ២​ខែ ទើបទៅ​ដល់​ភព​ព្រះចន្ទ ពោលគឺ​អាចទៅ​ដល់​នៅក្នុង​អំឡុងថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ​២០១៩។ វានឹង​ចុះចត​លើផ្ទៃដី​ភព​នោះ នៅ​ចន្លោះ​ទីតាំង​បេសកកម្ម​អាប៉ូឡូទី១២ និង​អាប៉ូឡូទី១២ របស់​អង្គការ​ណាសា សហរដ្ឋអាមេរិក ដែល​បាន​ទៅដល់​កាលពី​ឆ្នាំ១៩៦៩-១៩៧១។

តាមរយៈ​ទិន្នន័យ​ដែល​ប្រមូល​បាន​ដោយ​យាន Beresheet នៅលើ​ភព​ព្រះចន្ទ នឹង​ជួយ​ដល់​អ្នក​វិទ្យាសាស្រ្ត​ ក្នុងការ​សិក្សា​ស្វែងយល់​បន្ថែម​ពី​របៀប​នៃការ​កកើត​ឡើង​នូវ​ភពនេះ កាលពី​រាប់លាន​ឆ្នាំមុន៕

ប្រភព៖ TimeofIsrael ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;