វៀតណាម ​នឹង​បង្កើត​មជ្ឈមណ្ឌល​កម្សាន្ត​ថ្មី​មួយ​ នៅ​កោះ​ត្រល់

  • 2019-02-20 08:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បាន​ធ្វើ​ពិធី​សម្ពោធ​ដំណើរ​ជា​ផ្លូវ​ការ នូវ​មជ្ឈមណ្ឌល​កម្សាន្ត​ Grand World ​កាលពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត និង​អ្នក​វិនិយោគ នៅ​កោះត្រល់ ឬ Phu Quoc ។

Grand World ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន New Vision ជាមួយ​ទឹកប្រាក់​វិនិយោគ​ពី​ក្រុមហ៊ុន Vinpearl នៅ​វៀតណាម។ មជ្ឈមណ្ឌល​នេះ គ្រប​ដណ្ដប់​លើ​ផ្ទៃដី ៨៥ហិកតា នៅ​ឆ្នេរ Long Beach ក្នុង​នោះ​មាន​ដូចជា រមណីយដ្ឋាន សួនច្បារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា អម​ដោយ​ដើម​ឈើ បឹងបួរ និង​អគារ​សាធារណៈ​។

គម្រោង​ Grand World ផ្ដោត​លើ​វិថី​ប្រមូលផ្ដុំ​ហាង​លក់​ទំនិញ​ជា​ច្រើន ដែល​ត្រូវ​បាន​រចនា​តាម​លក្ខណៈ​ស្ថាបត្យកម្ម​របស់​ក្រុង​សៀងហៃ, ឥណ្ឌូចិន និង​កោះ Mallocar នៃ​ប្រទេស​អេស្ប៉ាញ។ គម្រោង​នេះ ក៏​មាន​សណ្ឋាគារ​ផង​ដែរ ចាប់​ពី​ផ្កាយ​៣ ដល់ ផ្កាយ៥ ដែល​ស្ទើរ​នឹង​រាប់ពាន់​បន្ទប់​។

Grand World ត្រូវ​បាន​រំពឹង​ថា នឹង​ប្រែ​ក្លាយ​ឆ្នេរ Long Beach ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​សំខាន់​មួយ ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​របស់​កោះត្រល់​៕

រូបថត៖ VNS

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;