រាជ​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ហើយ

  • 2019-02-21 02:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​មាន​លោក​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាប្រធាន និង​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ីវិល ជា​អនុប្រធាន។ នេះបើតាម​សេចក្តី​សម្រេច​ចុះកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ឆ្នាំ​២០១៩ ដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

រូបតំណាង
ភារកិច្ច​របស់​គណៈកម្មការ​នេះ​រួមមាន៖

-ពិនិត្យ និង​កំណត់​និយាមកា​ទីតាំង​សម្រាប់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី

-សិក្សា​វាយតម្លៃ​ថ្លៃដី​នៅ​តំបន់​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី

-សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទីតាំង​ដី ដើម្បី​បង្ក​លក្ខណៈ​ដល់​ដំណើរការ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី

-សម្រប​សម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ និង​អង្គភាព​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន ដើម្បី​ដំណើរការ​អនុវត្ត​គម្រោង​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ

-ផ្តល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ក្នុងការ​បំពេញ​បែបបទ​ផ្សេងៗ ដើម្បី​ឆ្លើយតប​បាន​តាមតម្រូវការ​សម្រាប់​ការ​អនុវត្ត​គម្រោង

-ពិនិត្យ និង​ផ្តល់​យោបល់ លើ​ផែនការ​មេ​របស់​គម្រោង ក៏ដូចជា​សំណូមពរ​ផ្សេងៗ​របស់​ក្រុមហ៊ុន

-តាមដាន និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ

-ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ជូន​នាយកដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច

-បំពេញ​ភារកិច្ច​ផ្សេងទៀត ដែល​នាយក​រដ្ឋមន្រ្តី​ប្រគល់​ជូន។

សូម​រំលឹក​ថា  រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ចំពោះ​សំណើ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​លំដាប់​ថ្នាក់ 4F របស់​​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្រុងតាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល លើ​ទំហំ​ដី​ចំនួន ២៦០០ហិកតា។ គម្រោង​នេះ គឺ​ក្រោម​ទុន​វិនិយោគ​សរុប ១៥០០លាន​ដុល្លារ ដែល​បាន​មកពី៖ ​កម្ចី​ធនាគារ​បរទេស ១១០០លាន​ដុល្លារ កម្ចី​ពី​ភាគទុន​របស់​ក្រុមហ៊ុន OCIC ចំនួន ២៨០លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី ១២០លាន​ដុល្លារ។ នេះ​បើតាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ផ្ញើទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរ​ស៊ីវិល កាលពី​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ​២០១៧៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;