ពូទីន ព្រមាន​បាញ់ បើ​អាមេរិក​បញ្ជូន​មីស៊ីល​១ប្រភេទ​ទៅ អឺរ៉ុប

  • 2019-02-21 03:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន កាលពី​ថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ព្រមាន​ថា រុស្ស៊ី​នឹង​តម្រង់​កាណុង​ដាក់ សហរដ្ឋអាមេរិក ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន បញ្ជូន​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ (ICBM) របស់​ខ្លួន​ទៅ​កាន់​ទ្វីប​អឺរ៉ុប។ ការ​ព្រមាន​នេះ ធ្វើឡើង​ក្រោយ​អាមេរិក ដកខ្លួន​ពី​សន្ធិ​សញ្ញា​ស្ដីពី​អាវុធនុយក្លេអ៊ែរ Intermediate-Range Nuclear Forces Treaty (INF) កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ថ្លែង​ក្នុង​ពិធី​សន្ទរកថា​ប្រចាំ​ឆ្នាំ​មួយ លោក ពូទីន ជំរុញ​ឲ្យ​មេដឹកនាំ​អាមេរិក​ គិត​ដល់​អាវុធ​របស់​រុស្ស៊ី មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​អ្វី​មួយ។ «វា​ជា​សិទ្ធិ​របស់​ពួកគេ ក្នុង​ការ​គិត​​។ ប៉ុន្តែ​តើ​ពួកគេ​អាច​គណនា​បាន​ទេ? ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​អាច។ អ៊ីចឹង​ឲ្យ​ពួកគេ​គណនា​ពី​ចម្ងាយ និង​ល្បឿន​របស់​អាវុធ​ពួក​យើង​សាក​មើល​ទៅ​»។

ក្នុង​ពិធី​នោះ​ដែរ លោក​ប្រធានាធិបតី​រុស្ស៊ី បាន​ធ្វើការ​បង្ហាញ​នូវ​មីស៊ីល​ថ្មី Zircon ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង ៩ដង និង​អាច​បាញ់​ទៅ​លើ​គោលដៅ​ដែល​មាន​ចម្ងាយ ១​ពាន់​គីឡូម៉ែត្រ។ លោក​ពូទីន បញ្ជាក់​ថា លោក​នឹង​មិន​បញ្ជូន​មីស៊ីល ICBM ទៅ​កាន់​អឺរ៉ុប​នោះ​ទេ ព្រោះ​មិនស្របតាមសន្ធិសញ្ញា INF ហើយលោក​មិន​ចង់​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា ជាពិសេស​សហរដ្ឋ​អាមេរិក។

សូម​ជម្រាប​ថា ក្រោយ​ការ​បញ្ចប់​សន្ធិសញ្ញា INF ទាំង​សហរដ្ឋអាមេរិក និងរុស្ស៊ី បាន​ព្រមាន​អំពី​ការ​អភិវឌ្ឍ​អាវុធ​ថ្មីៗ រៀង​ៗ​ខ្លួន​។

សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៩ បាន​ទាមទារ​ឲ្យ​រុស្ស៊ី ​កម្ទេច​ចោល​នូវ​ប្រព័ន្ធ​មីស៊ីល​ថ្មី ដែល​ខ្លួន​ចាត់​ទុក​ជា​ការ​រំលោភ​លើ​សន្ធិសញ្ញា​ INF និង​ប៉ះពាល់​ដល់​សន្តិសុខ​សាកលលោក​៕

អត្ថបទទាក់ទង អាមេរិក ចង់​ឲ្យ​រុស្ស៊ី ​កម្ទេច​ចោល​ប្រព័ន្ធ​មីស៊ីល​ថ្មី​របស់​ខ្លួន​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;