អតីតនិស្សិតសាលាច្បាប់ កំពុងឡើងកូដ ដោយសារ Cover បទអធិរាជសំឡេងមាស
- 2019-02-21 06:27:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតនិស្សិតសាលាច្បាប់ កំពុងឡើងកូដ ដោយសារ Cover បទអធិរាជសំឡេងមាស
ចន្លោះមិនឃើញ
អតីតនិស្សិតសាលាច្បាប់ម្នាក់គឺ លោក អៀង វុត្ថា បាន និងកំពុងល្បីឈ្មោះ ពិសេសចាប់ពីចុងឆ្នាំ ២០១៨ ឈានមកដល់ ដើមឆ្នាំ ២០១៩នេះ ក្រោយពីលោកបានច្រៀងឡើងវិញ (Cover) បទចម្រៀងរបស់អធិរាជសំឡេងមាសបន្តបន្ទាប់។
បទចម្រៀងដែលយុវជនមកពីខេត្តកំពង់ចាម យកមកច្រៀងឡើងវិញមានដូចជាបទ “តូចតន់មាសបង” ច្រៀងឆ្លងឆ្លើយជាមួយកញ្ញា តន់ ច័ន្ទសីហា បទ"ក្លិនផ្កាម្លិះ" និង “ស្រអែមដងស្ទឹងសង្កែ" ច្រៀងម្នាក់ឯង។ "ពីរបទហ្នឹង គឺបទ ក្លិនផ្កាម្លិះ និងស្រអែមដងស្ទឹងសង្កែ គឺទទួលបានគាំទ្រខ្លាំងជាងគេបង ដោយ Channel ខ្លះមានអ្នកមើលដល់ទៅជាង ១០លានដងឯណោះ!”។ វុត្ថា ថ្លែង។
រំលឹកទៅកាន់អតីតកាល វុត្ថា ប្រាប់ថា រូបគេមានចិត្តស្រឡាញ់សិល្បៈតាំងពីដឹងក្ដីមក។ រហូតដល់ពេញរូបពេញរាង នៅតែស្រឡាញ់ គួបផ្សំនឹងទឹកសំឡេងល្អ ហើយមិត្តភ័ក្ដិ បងប្អូនជំរុញផង លោកក៏សម្រេចចិត្តហក់ចូលប្រឡូកសិល្បៈតែម្ដង។ លោកបានព្យួរការសិក្សានៅសាលាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ ដោយបានសិក្សាបានត្រឹមឆ្នាំទី២ជំនាញធនាគារ ហើយប្រឡូកសិល្បៈពេញទំហឹងតែម្ដង។
អៀង វុត្ថា ប្រាប់ថា លោកបានចេញច្រៀងតាមអកកេះ និងបានចូលប្រឡងចម្រៀងក្នុងកម្មវិធីតូចធំជាច្រើនដើម្បីតាមសម្រេចមហិច្ឆតាក្លាយជាតារាចម្រៀងល្បីឈ្មោះម្នាក់។ យ៉ាងណា លោកទទួលបាន លទ្ធផលល្អផង មិនល្អផងនាពេលកន្លងមក មុនពេលមកលេចមុខក្នុងកម្មវិធីលំដាប់ពិភពលោក។
“ចុងក្រោយគេ ខ្ញុំបានដាក់ពាក្យចូលប្រឡងកម្មវិធី Cambodian idol 3 តាំងពីហ្នុងមក ក៏ចាប់ផ្ដើមក៏មានគេស្គាល់កាន់តែច្រើន ហើយមានផលិតកម្ម Black Claw Team ហៅខ្ញុំទៅថតតេស្ដសំឡេងសាក ក៏មានការគាំទ្រច្រើនតែម្ដង និយាយទៅ ១ឆ្នាំចុងក្រោយនេះ ខ្ញុំហាក់មានទីផ្សារខ្លាំងតែម្ដងបង"។
មកដល់បច្ចុប្បន្ន អៀង វុត្ថា បាន និងកំពុងច្រៀងនៅភោជនីយដ្ឋាន "អស់កង្វល់៣" ដោយទទួលបានតម្លៃពលកម្មសមរម្យ ខុសពីពេលលោកចាប់ផ្ដើមដំបូងៗ ទទួលបានតម្លៃពលកម្ម១០ដុល្លារសម្រាប់ការចេញច្រៀងតាមអកកេះ និងត្រឹម៤ដុល្លារប៉ុណ្ណោះក្នុង១យប់ សម្រាប់ការច្រៀងប្រចាំនៅភោជនីយដ្ឋានមួយកាលពីអតីត។
យុវជនវ័យ ២៥ឆ្នាំ បញ្ជាក់ថា លោកមានចិត្តសប្បាយរីករាយណាស់ ចំពោះផ្លែផ្កាសិល្បៈដែលលោកសម្រេចបាន។ លោក ថា នឹងព្យាយាមដុះខាត់សមត្ថភាពច្រៀងរបស់លោកឲ្យកាន់តែល្អថែមទៀតនាពេលខាងមុខ។ ក្រៅពីច្រៀងប្រចាំនៅភោជនីយដ្ឋានខាងលើ វុត្ថា ជារឿយៗក៏មានមុខក្នុងកម្មវិធីតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានាដែរ ដោយថ្មីៗនេះ លោកទើបឡើងឆាករបស់ទូរទស្សន៍ហង្សមាស។
ក្រៅពីនេះ លោកក៏បានចូលរួមក្នុងការប្រគំតន្ត្រីនៅខាងក្រៅជាច្រើនទៀត ក្នុងមានទាំងកម្មវិធីតន្ត្រីសប្បុរសធម៌ផង៕