ជប៉ុន សម្រេច​ការចុះចត​លើ​អាចម៌​ផ្កាយ​មួយ ដែល​មាន​ចម្ងាយ​ជាង ៣០០លាន​គីឡូម៉ែត្រ​ពី​ផែនដី

  • 2019-02-22 02:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យាន​អវកាស​អង្កេត​ជប៉ុន Hayabusa2 បាន​សម្រេច​ការចុះ​ចត​ហើយ​លើផ្ទៃដី​អាចម៌ផ្កាយ​មួយ​ឈ្មោះ Ryugu។ នេះ​បើតាម​ការ​ប្រកាស​របស់​ភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA) នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ។

អាចម៌ផ្កាយ Ryugu មាន​ទំហំ​ប្រមាណ ៩០០​ម៉ែត្រ និង​មាន​ចម្ងាយ​ ៣៤០លានគីឡូម៉ែត្រ​ពី​ផែនដី។ បេសកកម្ម​របស់​យានអវកាស​ជប៉ុន គឺប្រមូល​យក​គំរូនានា​នៅលើ​អាចម៌ផ្កាយ​នេះ ដើម្បី​សិក្សា​ពី​ប្រភព​ដើម​នៃ​ការ​កកើត​ឡើង​នូវ​ជីវិត​នៅ​លើ​ផែនដី​នេះ។

យានអវកាស Hayabusa2 បាន​ទៅដល់​អាចម៌ផ្កាយ​នេះ (មិនទាន់​ចុះចត) កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​ធ្វើ​ដំណើរ​ចេញពី​ផែនដី ប្រមាណ ៣ឆ្នាំ​កន្លះ​មក។ យាននេះ​ ត្រូវបាន​រំពឹងថា នឹង​ត្រឡប់​មកផែនដី​វិញ ជាមួយនឹង​គំរូ​ដែលវា​ប្រមូល​បាន នៅក្នុង​ឆ្នាំ​២០២០។

ភ្នាក់ងារ JAXA កាលពី​ដំបូង​គ្រោង​នឹង​ដាក់យាន​អវកាស​នេះ ចុះចត​លើ​អាចម៌ផ្កាយ Ryugu តាំងពីខែ​តុលា ឆ្នាំ​២០១៨ ប៉ុន្តែ​ផ្ទៃដី​អាចម៌ផ្កាយ​នេះ មាន​សភាព​លំបាក​ក្នុងការ​ចុះចត​ជាង​ការរំពឹងទុក ពោលគឺ​មាន​ដុំថ្មធំៗ​ច្រើន ដែល​ធ្វើឱ្យ​យាន​នេះ​ពិបាក​ស្វែងរក​ទីតាំង​ចុះចត និង​ប្រមូល​គំរូ ជា​ហេតុធ្វើឱ្យ​ការចុះចត​ត្រូវពន្យារពេល​រហូតមក​ដល់ពេល​នេះ៕

ប្រភព៖ Space ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;