ក្រសួង​មហាផ្ទៃ ចេញ​សេចក្តី​ណែនាំ​អំពី​ការ​ស្នើសុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ

  • 2019-02-22 03:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី នៃការ​ស្នើសុំ​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើងវិញ កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ ​ក្នុង​សេចក្តីណែនាំ​នេះ បាន​ឲ្យដឹង​ថា យោងតាម​មាត្រា៤៥ថ្មី (ស្ទួនមួយ) នៃច្បាប់​ស្តីពី​គណបក្ស​នយោបាយ បុគ្គល​ដែល​ត្រូវបាន​តុលាការ​ហាមឃាត់​ការ​ធ្វើ​នយោបាយ នឹងអាច​ទទួលបាន​ឡើងវិញ​នូវសិទ្ធិ​នយោបាយ​ពេញលេញ​ទៅតាម​ករណី​ដូចតទៅ៖

១. ការ​ទទួល​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ​ដោយ​ពេញច្បាប់ បន្ទាប់​ពី​ផុតរយៈពេល នៃការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការកំពូល

និង២. ការ​ទទួល​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ ដោយការ​ផ្តល់​សម្បទា​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ដើម្បី​ធានា​អនុវត្ត​ចំពោះ​ចំណុច​ទី២​ខាងលើ​នេះ ក្រសួង​មហាផ្ទៃ​ បាន​ធ្វើការ​ណែនាំ​អំពី​បែបបទ និង​នីតិវិធី​សម្រាប់​ការផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ដូច​តទៅ៖

-បុគ្គល​ដែលត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ ត្រូវដាក់​ពាក្យ​ស្នើសុំ​នីតិសម្បទា​ឡើងវិញ​ទៅ​ក្រសួង​មហាផ្ទៃ នៅ​រៀងរាល់​ម៉ោង​ធ្វើការ។

-ពាក្យ​ស្នើសុំ​ត្រូវបាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​ស្នើសុំ សេចក្តី​សម្រេច​របស់​តុលាការ​ដែល​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ ព្រមទាំង​មាន​ស្នាម​ម្រាមដៃ​នៃ​បុគ្គល​ដាក់ពាក្យ​ស្នើសុំ។

-ពាក្យ​ស្នើសុំ​ត្រូវ​ធ្វើឡើង​ដាច់​ដោយឡែក​ពីគ្នា ដោយ​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​ធ្វើ​នយោបាយ។

-បន្ទាប់ពី​បាន​ពិនិត្យ​លើពាក្យ​ស្នើសុំ​របស់​បុគ្គល​ម្នាក់ៗ ដែលបាន​ដាក់​ពាក្យ​ស្នើសុំ​ក្រសួង​មហាផ្ទៃ នឹង​លើក​សំណើ​ជូន​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើ​ថ្វាយ​ព្រះ​មហាក្សត្រ លើកលែង​បម្រាម​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ ដោយ​អនុលោម​តាមបទប្បញ្ញត្តិ​មាត្រា​៤៥ថ្មី (ស្ទួនមួយ) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។

-សាម៉ីខ្លួន​នឹង​អាច​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញបាន ស្របតាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ​ស្តីពីការ​ផ្តល់​នីតិសម្បទា​ឡើងវិញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;