វៀតណាម មាន​មិត្តភក្តិ​បរទេស​ថ្មីមួយ​ទៀតហើយ

  • 2019-02-22 06:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​វៀតណាម និង​ប្រទេស​សូដង់​ខាងត្បូង បាន​ចុះហត្ថលេខា​លើការ​បង្កើត​ទំនាក់ទំនង​ការទូត​ជាផ្លូវការ កាលពី​ថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ ពិធីចុះ​ហត្ថលេខា​នេះ ធ្វើឡើង​នៅទីស្នាក់ការ​អង្គការ​សហប្រជាជាតិ (UN) ក្នុង​ទីក្រុងញ៊ូវយ៉ក សហរដ្ឋអាមេរិក រវាង​លោក Dang Dinh Quy ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ UN និង​លោក Akuei Bona Malwal ឯកអគ្គរដ្ឋទូត​ស៊ូដង់​ខាងត្បូង​ប្រចាំ UN។

ភាគី​ទាំង២ បាន​យល់ព្រម​ផ្លាស់ប្តូរ​តំណាង​ការទូត កម្រិត​ឯកអគ្គរដ្ឋទូត និង​គោរព​តាម​អនុសញ្ញា​ទីក្រុងវ្យែន​ឆ្នាំ១៩៦១ ស្តីពី​ទំនាក់​ទំនង​ការទូត។ ជាមួយ​នឹង​ការ​ចុះហត្ថលេខា​នេះ ធ្វើឱ្យ​វៀតណាម មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អាហ្វ្រិក​ដល់ ៥៤ ក្នុង​ចំណោម ៥៥ប្រទេស​ហើយ។

បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​នេះ ឯកអគ្គរដ្ឋទូត​ប្រចាំ UN ទាំង​២រូប បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​គ្នា​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង២ នៅក្នុង​បញ្ហា​ទ្វេភាគី និង​ចម្រុះ​ភាគី។ ក្នុងនោះ​ វៀតណាម-ស៊ូដង់​ខាងត្បូង នឹង​បង្កើន​កិច្ចសហការ​លើ​វិស័យ​កសិកម្ម ធនាគារ ប្រេង និង​ឧស្ម័ន។

ជាមួយគ្នានោះ ស៊ូដង់​ខាងត្បូង ក៏​បាន​សន្យា​ថា នឹង​គាំទ្រ​វៀតណាម ឱ្យ​ក្លាយ​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ UN សម្រាប់​អាណត្តិ​ឆ្នាំ ២០២០-២០២១ ផងដែរ៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;