លោកស្រី អ៊ុងសាន ស៊ូជី ដកខ្លួន​ពី​សន្និសីទ UN នៅ​ក្រុង​ហ្សឺណែវ

  • 2019-02-22 07:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី អ៊ុងសាន ស៊ូជី បាន​ដក​ខ្លួន​ចេញ​ពី​ក្នុង​របៀបវារៈ​សម្រាប់​សន្និសីទ​អង្គការ​សហ​ប្រជា​ជាតិ (UN) នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សប្ដាហ៍​ក្រោយ។ រដ្ឋមន្ត្រី​មួយ​រូប នឹង​តំណាង​ឲ្យ​សហភាព​មីយ៉ាន់ម៉ា នៅ​ក្នុង​ជំនួប​នេះ ជំនួស​លោកស្រី ស៊ូជី ​វិញ​។

កាលពី​ព្រឹក​ថ្ងៃទី​២១​កុម្ភៈ ​របៀបវារៈ​នៃ​សន្និសីទ​ស្ដីពី​ការ​ដក​អាវុធ បង្ហាញ​ថា លោកស្រី ស៊ូជី ដែល​ត្រូវ​បាន​រិះគន់​ពី​សំណាក់​លោក​ខាងលិច​ចំពោះ​ទង្វើ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា គ្រោង​នឹង​ឡើង​ថ្លែង​នៅ​ម៉ោង​១១ព្រឹក ថ្ងៃ​ពុធ ទី​២៧ កុម្ភៈ​ នៅ​សប្ដាហ៍​ក្រោយ។ យ៉ាង​ណា​មិញ នៅ​ល្ងាច​ថ្ងៃ​ដដែល របៀបវារៈ​ត្រូវ​បាន​ផ្លាស់ប្ដូរ ដោយ​លោក Kyaw Tin រដ្ឋមន្ត្រី​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ នឹង​ត្រូវ​ឡើង​ថ្លែង​ជំនួស​លោក​ស្រី ស៊ូជី ​វិញ​។

មន្ត្រី​ UN បញ្ជាក់​ថា មិន​មាន​ដំណឹង​ទាក់ទង​នឹង​លោក​ស្រី ស៊ូជី មក​កាន់​ក្រុង​ហ្សឺណែវ នោះ​ទេ។ ចំណែក អ្នកនាំពាក្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា លោក Zaw Htay មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ឡើយ​។

លោកស្រី ស៊ូជី ត្រូវ​បាន​សង្កេត​ឃើញ​ថា បាន​គេចវេះ​ក្នុង​ការ​ធ្វើដំណើរ​ទៅ​លោក​ខាង​លិច ក៏​ប៉ុន្តែ​លោកស្រី​ តែងតែ​ទៅ​កាន់​ប្រទេស​នានា​នៅ​ទ្វីប​អាស៊ី។ ជាក់ស្ដែង ​កាល​ពី​ឆ្នាំ២០១៨ លោកស្រី បាន​ទៅ​ប្រទេស​អូស្ត្រាលី ជប៉ុន សិង្ហបុរី វៀតណាម និង​ នេប៉ាល់។ លោកស្រី បាន​ទៅ​កាន់​ប្រទេស​ស្វីស កាលពី​ឆ្នាំ​២០១២​។

សូម​ជម្រាប​ថា ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​លោកស្រី ស៊ូជី និង UN កំពុង​ជួប​នឹង​វិបត្តិ​ ដោយសារ​បញ្ហា​រ៉ូហ៊ីងយ៉ា​នេះ។ មក​ទល់​ពេល​បច្ចុប្បន្ន ក្រុម​រ៉ូហ៊ីងយ៉ា​ប្រហែល ៧៣០០០​នាក់ បាន​រត់​គេច​ពី​អំពើ​ហិង្សា​ដោយ​យោធា​មីយ៉ាន់ម៉ា ទៅ​កាន់​ប្រទេស​បង់ក្លាដេស​៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;