"ភូមិ​កីឡា" ត្រៀម​ស្វាគមន៍​ប្រតិភូ​អាស៊ី​អាគ្នេយ៍ នៅ​ស៊ីហ្គេម​២០២៣

  • 2019-02-22 08:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា​ បាន​សម្រេច​កសាង ​​«ភូមិ​កីឡា​ ឬ Sports Village​»​ សម្រាប់​រៀប​ចំ​​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​​អាស៊ី​អាគ្នេយ៍​ ឬ​ SEA Games ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង។

ក្នុង​សន្និបាត​​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​ និង​ទិសដៅ​២០១៩​ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​ NOCC បាន​ទម្លាយ​ឲ្យ​ដឹង​ថា ពេល​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​សាង​សង​ភូមិ​កីឡា​​សម្រាប់​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។

លោក វ៉ាត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​ថា​ ការ​ធ្វើ​​​ភូមិ​កីឡា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ធំ​ ជា​ពិសេស​កីឡា​ស៊ីហ្គេម​តម្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​ធ្វើ​ភូមិ​កីឡា។ ការ​ធ្វើ​ភូមិ​កីឡា​ពិត​ជា​​​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​​​ក្រុម​កីឡា​មក​ពី​ប្រទេស​នីមួយៗ​ ​កាត់​បន្ថយ​ការ​ចំណាយ​ ​មាន​សុវត្ថិភាព​ខ្ពស់​ និង​មិន​​ដឹក​ជញ្ជូន​ច្រើន។

លោក​បន្ត​ថា​ និយាយ​ឲ្យ​ងាយ​ស្រួល​គឺ​គណៈ​ប្រតិភូ​នៃ​ប្រទេស​នីមួយ​ៗ​ចេញ​ពី​ព្រលាន​យន្តហោះ​ឆ្ពោះ​ទៅ​ភូមិ​កីឡា​​ដែល​ស្នាក់​នៅ​ អាហារ​​នៅ​កន្លែង​តែ​មួយ​ ហើយ​ចេញ​ពី​​កន្លែង​ស្នាក់​នៅ​​​ទៅ​ទី​លាន​ប្រកួត​ដែល​នៅ​កៀក​បង្កើយ លើក​លែង​តែ​កីឡា​ខ្លះ​ដែល​ត្រូវ​ប្រកួត​នៅ​សមុទ្រ​ទើប​ស្នាក់​នៅ​សណ្ឋាគារ។

តាម​ការ​បញ្ជាក់​ពី​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា ភូមិ​កីឡា អាច​ចំណាយ​ពេល​៣​ឆ្នាំ​ហើយ​ទើប​សាងសង់​រួច​រាល់​។ ការ​សាងសង់​ប្រហែល​ជា​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៩​នេះ​ ប៉ុន្តែ​នៅ​មិន​ទាន់​ច្បាស់​អំពី​ការ​ចំណាយ​ និង​កម្ពស់​នៃ​អគារ​ភូមិ​កីឡា​ប៉ុន្មាន​ជាន់​នៅ​ឡើយ​ទេ៕

ប្រភព៖ Sabay News អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;