ប្រធានាធិបតី​វៀតណាម ផ្តើមទស្សនកិច្ចនៅកម្ពុជា រសៀលនេះ

  • 2019-02-25 01:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ង្វៀន ហ៊្វូជុង ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

តាមកម្មវិធីដែលបានគ្រោងទុក នាយប់ថ្ងៃទី២៥ ខែកុម្ភៈ លោកលោក ង្វៀន ហ៊្វូជុង នឹងលៀងសាយភោជន៍ នៅក្នុងព្រះបរមរាជវាំង ជាមួយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកនៅព្រឹកថ្ងៃទី២៦ខែកុម្ភៈ ប្រធានាធិបតីវៀតណាម នឹងអញ្ជើញទស្សនកិច្ចនៅវត្តឧណ្ណាលោម និងវត្តស្វាយពពែ។ បន្ទាប់ពីទស្សនកិច្ចវត្តទាំងពីរ​នោះរួច លោកនឹង​អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងស្តូបមិត្តភាពកម្ពុជាវៀតណាម។

កម្មវិធី​បន្ទាប់​មកទៀត គឺ​លោក​នឹងអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេច ឈុំ ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយសម្ដេច ហេងសំរិន ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា ​និង​ចុងក្រោយ គឺ​ជួបពិភាក្សាជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា។ លោក ង្វៀន ហ៊្វូជុង ក៏​នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។

សូមជម្រាបថាប្រធានាធិបតីវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;