ករណី​យក​ដី​រដ្ឋ​លក់ នៅ​ខេត្ត​កោះកុង ត្រូវ​បាន​ក្រសួង​ស្រាយ​បំ​ភ្លឺ

  • 2019-02-25 06:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្រសួង​មិន​បាន​ចេញ​គោលការណ៍​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​លក់​ដូរ​ដី​រដ្ឋ និង​ពុំ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ចុះផ្សាយ​ថា ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុង យក​ដី​រដ្ឋ​លក់​ នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

ការ​បដិសេធ​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី មាន​សារព័ត៌មាន​មួយ​ចំនួន​ចុះផ្សាយ​ថា "ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុង យក​ដី​រដ្ឋ​លក់" ដែល​ក្នុង​អត្ថបទ​នោះ​បាន​សង្កត់​ធ្ងន់​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មានបាន​សើម​មាត់​សើម​ក ទេ​ដឹង បាន​ជា​សម្ងំ​ស្ងាត់​ឈឹង​ដូច្នេះ​។

ក្រសួង​កសិកម្ម​បំភ្លឺ​ថា ក្រសួង​បាន​ចាត់​ក្រុមការងារ​អធិការកិច្ច ចុះ​ធ្វើ​អធិការ​កិច្ច​លើ​ការងារ​ដឹកនាំ និង​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត​ ជាប្រចាំ។ ជាក់ស្ដែង ក្រោយ​ពី​បាន​ចុះ​ធ្វើ​អធិការ​កិច្ច​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុង ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន ១៧ ចំណុច ឲ្យ​មន្ទីរ​ធ្វើ​ការអនុវត្ត​ និង​កែ​លម្អ​ ហើយ​ក្នុង​នោះ​ក៏​បាន​ណែនាំ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ដី​ចំនួន ៣​កន្លែង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ដើម្បី​ចាត់វិធានការ​ តាម​នីតិវិធី​ផង​ដែរ​។

ក្រសួង​កសិកម្ម​បន្ត​ថា ក្រសួង​ក៏​បាន​ចាត់​ក្រុម​ការងារ​ ចុះ​ធ្វើ​អធិការកិច្ច​លើ​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុង​បន្ត​ទៀត។ បច្ចុប្បន្ន​ក្រុម​ការងារ កំពុង​បន្ត​នីតិវិធី​ធ្វើ​អធិការ​កិច្ច ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​បំផុត។ ក្នុង​ករណី​ពិតជា​មាន​កំហុស​ឆ្គង ក្រសួង​នឹង​ចាត់​វិធានការ ស្រប​តាម​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;