ចិន​សន្យា​បន្ត​សាងសង់​កំណាត់ផ្លូវ​ជាតិ​លេខ​៧ ជិត ១០០​គីឡូម៉ែត្រ​បន្ថែម​ទៀត ដល់​ព្រំដែន​ឡាវ

  • 2019-02-26 02:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគី​ចិន​បាន​សន្យា​បន្ត​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៧ ប្រវែង ៩៦ គីឡូម៉ែត្រ​បន្ថែម​ទៀត ភ្ជាប់ពី​ចំណុច​រមៀត ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ដល់​ព្រំដែន​ប្រទេស​ឡាវ តាម​រយៈ​ឥណទាន​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ចិន។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពេល​​លោក​ចុះ​ពិនិត្យ​ស្ថានភាព​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៧​ប្រវែង ៩៣,៥៦៥​គីឡូម៉ែត្រ នៅ​ខេត្ត​ក្រចេះ កាលពី​រសៀល​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

លោក​បាន​ឱ្យដឹង​ថា កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំណុច​គីឡូម៉ែត្រ​លេខ​៣៣១ (រង្វង់មូល​ខ្លាស្ទុះ) ស្ថិតក្នុង​ភូមិកាប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ រហូតដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៤២៤ ចំណុច​ឃុំ​អូរគ្រៀង ស្រុក​សំបូរ ប្រវែង ៩៣,៥៦៥គីឡូម៉ែត្រ ត្រូវបាន​ស្ដារ​ឡើងវិញ​ចាប់តាំង​ពីខែ​មេសា ឆ្នាំ​២០១៦ និង​ស្ថាបនា​ជួសជុល​រួចរាល់​ជា​ស្ថាពរ នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ។

សូម​ជម្រាប​ថា គម្រោង​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៧ ដែល​ជា​ជំនួយ​ឥត​សំណង​របស់ចិន​តម្លៃ​ជិត ៤០លាន​ដុល្លារ​នេះ ត្រូវ​បាន​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ០,១០​ម៉ែត្រ និង​បំពាក់​គ្រឿង​សង្ហារឹម​ផ្លូវ​ថ្នល់​គ្រប់គ្រាន់ ដែល​អនុវត្ត​ការងារ​ដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​​គ្រុប (SCG)។ ​

ជាមួយ​គ្នានេះ លោក​រដ្ឋ​លេខាធិការ ក៏បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អាជីវកម្ម ម្ចាស់​យានយន្ត ធុនធំ​គ្រប់​ប្រភេទ ដែល​កំពុង​ចរាចរ ប្រើប្រាស់​លើ​ដង​ផ្លូវ​ជាតិ​ទាំងអស់ កុំ​ដឹក​ជញ្ជូន​ផ្ទុក​លើស​ទម្ងន់ពី​ច្បាប់​កំណត់ និង​ចូលរួម​ថែរក្សា ការពារ​នូវ​សមិទ្ធផល​នានា ជាពិសេស​សមិទ្ធផល​ផ្លូវជាតិ​លេខ ៧នេះ​តែម្ដង ដែលជា​ជំនួយ​ឥតសំណង​លើកទីមួយ​របស់ចិន​មក​កម្ពុជា និង​ជា​ប្រយោជន៍ សាធារណៈ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;