ជំនួប​ត្រាំ-គីម លើក​ទី​២ ចាប់ផ្ដើមនៅទីតាំងណា? ម៉ោងប៉ុន្មាន?

  • 2019-02-27 01:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន នឹង​ជួប​គ្នា​នៅ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច ​នៅ​សណ្ឋាគារ Metropole នា​ក្រុង​ហាណូយ ។ មាន​ន័យ​ថា ជំនួប​លើក​ទី​២​នេះ មេដឹកនាំ​ទាំង​ពីរ ជួប​គ្នា​នៅ​ពេល​ល្ងាច ខុស​ពី​ជំនួប​លើក​ទី១ នៅ​សិង្ហបុរី កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​ពេល​ព្រឹក​ ដល់​ពេល​រសៀល​។

សណ្ឋាគារ Metropole
ជំនួប​លើក​ទី២​នេះ​ ធ្វើឡើង​រយៈ​ពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់ ២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ ដោយឡែក ជំនួប​លើក​ទី​១ ធ្វើឡើង​ត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ​២០១៨។

លោក ដូណាល់ ត្រាំ និង​ លោក គីម ជុងអ៊ុន នឹង​ជួប​គ្នា​នៅ​សណ្ឋាគារ Metropole ដែល​មាន​រចនាបថ​បែប​បារាំង រួច​ហើយ​នឹង​ធ្វើ​ការ​សន្ទនា​គ្នា​ ១​ទល់​នឹង​១ រយៈ​ពេល ២០​នាទី មុន​នឹង​ចូល​តុ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ដែល​មាន​រយៈ​ពេល​ប្រហែល ១​ម៉ោង​កន្លះ តែ​ប៉ុណ្ណោះ។ ជំនួប​សំខាន់ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ ជំនួប​នេះ ផ្ដោត​សំខាន់​លើ​ការ​រំសាយ​ទាំងស្រុង នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

សូម​ជម្រាប​ថា លោក ដូណាល់ ត្រាំ បាន​ទៅ​ដល់​ប្រទេស​វៀតណាម តាម​ជើង​ហោះហើរ​របស់​ប្រធានាធិបតី​អាមេរិក Air Force One កាលពី​យប់​ថ្ងៃ​អង្គារ ទី​២៦​កុម្ភៈ ក្រោយ​ការ​ទៅ​ដល់​របស់​លោក គីម ជុងអ៊ុន ដែល​លោក​បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង ចំណាយ​ពេល​ ២ថ្ងៃ​កន្លះ​ ទៅ​ដល់​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល​។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន KCNA លោក គីម ជុងអ៊ុន នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម រហូត​ដល់​ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា ឆ្នាំ​២០១៩។ ចំណែក លោក ដូណាល់ ត្រាំ នឹង​ចាកចេញ​ពី​ប្រទេស​វៀតណាម ក្រោយ​ចប់​កិច្ចប្រជុំ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​៕

ប្រភព៖ CNN | Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;