លោក ដូណាល់ ត្រាំ ថា​កូរ៉េខាងជើង នឹង​រីក​ចម្រើន​ដូចវៀតណាម ប្រសិន​បើ​បោះ​បង់​នុយក្លេអ៊ែរ

  • 2019-02-27 06:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​លើកឡើង​ថា វៀតណាម ជា​ប្រទេស​ដែល​កំពុង​រីក​ចម្រើន ហើយ​កូរ៉េ​ខាងជើង ក៏នឹង​អាច​រីក​ចម្រើន​ដូច​វៀតណាម​ដែរ ប្រសិន​បើ​បោះបង់​ចោល​នុយក្លេអ៊ែរ។ នេះ​បើតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​ Twitter របស់​លោក ដូណាល់ ត្រាំ នាព្រឹក​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយ​ពេល​លោកបាន​ទៅដល់​វៀតណាម កាលពី​យប់មិញ។

លោក ដូណាល់ ត្រាំ ដែលកំពុងស្ថិតក្នុងប្រទេសវៀតណាម (រូបថតផ្តល់សិទ្ធិដោយ Reuters)
លោក​អះអាង​ថា ការ​បោះបង់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​រឿង​ដ៏អស្ចារ្យ និង​ជា​ឱកាស​ដ៏ធំ​មួយ សម្រាប់​មិត្តភក្តិ​របស់​លោក គឺ​លោក គីម ជុងអ៊ុន។ «យើងនឹង​ដឹង​ឆាប់ៗ​នេះហើយ»។

ការ​លើកឡើង​ខាងលើ​នេះ គឺធ្វើ​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុនពេល​ដែល​លោក ដូណាល់ ត្រាំ នឹងជួប​ជាមួយ​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាងជើង នៅក្រុង​ហាណូយ ប្រទេស​វៀតណាម។ មេដឹកនាំ​ទាំង២ នឹង​ជួបគ្នា​នៅ​ម៉ោង ៦កន្លះ​ល្ងាចនេះ នៅ​សណ្ឋាគារ Metropole។

លោក ដូណាល់ ត្រាំ ដែលកំពុងស្ថិតក្នុងប្រទេសវៀតណាម (រូបថតផ្តល់សិទ្ធិដោយ Reuters)

នៅថ្ងៃទី២៨​កុម្ភៈស្អែក​នេះ ភាគី​ទាំង២ នឹង​មាន​ជំនួប​ដ៏​សំខាន់ ដែល​ផ្តោត​លើការ​រំសាយ​ទាំងស្រុង នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

បន្ថែម​ពីនេះ លោក ដូណាល់ ត្រាំ ក៏បាន​បន្ទោស​ដល់​ក្រុមអ្នក​នយោបាយ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​អាមេរិក​ផងដែរ ដែល​លោក​បាន​ស្នើឱ្យ​បញ្ឈប់​ការ​និយាយនូវ​អ្វីដែល​លោក​កំពុងធ្វើ​ជាមួយ​កូរ៉េ​ខាងជើង​នេះ៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;