វៀតណាម​ ចុះ​ហត្ថលេខា​២០​ពាន់​លាន​ដុល្លារ​ ទិញ​យន្តហោះ និង​បច្ចេកវិទ្យា​ពី​អាមេរិក

  • 2019-02-27 07:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​ជាមួយ​សហរដ្ឋអាមេរិក ដែល​មាន​ទឹកប្រាក់​សរុប ២០​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​យន្តហោះ​ចំនួន ១១០​គ្រឿង​ពី​ក្រុមហ៊ុន​ប៊ូអ៊ីញ និង ​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន Sabre Corp ។ ពិធី​ចុះ​ហត្ថលេខា​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក ង្វៀង ហ្វ៊ូជុង ប្រមុខ​រដ្ឋ​វៀតណាម នៅ​ក្រុង​ហាណូយ​។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​។

លោក ដូណាល់ ត្រាំ និងលោក ង្វៀង ហ្វ៊ូជុង (រូបថតផ្ដល់សិទ្ធិដោយ Reuters)
ក្រុមហ៊ុន​វៀតណាម​ចំនួន ២ ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ មាន ក្រុមហ៊ុន​អាកាសចរណ៍ VietJet ទិញ​យន្តហោះ Boeing 737 Max ចំនួន ១០០​គ្រឿង និង​ក្រុមហ៊ុន Bamboo Airways ទិញ​យន្តហោះ Boeing 787-9 ចំនួន ១០​គ្រឿង។ ចំណែក​ក្រុមហ៊ុន ១​ទៀត គឺ Vietnam Airlines បាន​ទិញ​បច្ចេកវិទ្យា និង​សេវាកម្ម ពី​ក្រុមហ៊ុន Sabre Corp ក្នុង​តម្លៃ ១០០​លាន​ដុល្លារ​អាមេរិក​។

Sabre Corp ជា​ក្រុមហ៊ុន​ដែល​មាន​ទី​ស្នាក់​ការ នៅ​រដ្ឋ​តិកសាស សហរដ្ឋអាមេរិក ដែល​ជា​អ្នក​ផ្ដល់​សេវា​កក់​សំបុត្រ​យន្តហោះ នៅ​ទ្វីប​អាមេរិក​ខាង​ជើង។ ក្រុមហ៊ុន​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦០ បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Texas Pacific Group និង Siver Lake Partners ។

សូម​ជម្រាប​ថា ការ​ទិញ​យន្តហោះ​ជា​ច្រើន​គ្រឿង​នេះ គឺ​បន្ទាប់ពី​រដ្ឋបាល​អាកាសចរណ៍​អាមេរិក យល់​ព្រម​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​នៅ​វៀតណាម បង្កើត​ជើង​ហោះហើរ​ត្រង់​ វៀតណាម-អាមេរិក​ ដោយ​ផ្ដល់​ស្ដង់ដា​អាកាសចរណ៍​អន្តរជាតិ។

បន្ទាប់ពី​ពិធី​ចុះ​ហត្ថលេខា​នេះ លោក ដូណាល់ ត្រាំ នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅ​ល្ងាច​ថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​បន្ត​ពិភាក្សា​លើ​បញ្ហា​រំសាយ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​៕

ប្រភព៖ Politico ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;