ប៉ាគីស្ថាន បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា ២​គ្រឿង

  • 2019-02-27 08:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ជាន់ខ្ពស់​ប៉ាគីស្ថាន បាន​អះអាង​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​កង​ទ័ព​អាកាស​ឥណ្ឌា ចំនួន ២​គ្រឿង នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​កុម្ភៈ​នេះ។ ការ​អះអាង​ដូច្នេះ​ គឺ​បន្ទាប់ពី​យន្តហោះ​ចម្បាំង​ឥណ្ឌា បាន​បើកការ​វាយ​ប្រហារ​ក្នុង​ដែន​អាកាស​របស់​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី​២៦​កុម្ភៈ និង​ជា​ការ​វាយប្រហារ​លើក​ទី​១ គិត​ចាប់​ពី​សង្គ្រាម​ឆ្នាំ​១៩៧១ ​មក។

បំណែកយន្តហោះចម្បាំងឥណ្ឌា ដែលបានធ្លាក់ (រូបថត៖ Reuters)
ភាព​តានតឹង​បាន​ផ្ទុះឡើង ក្រោយ​ករណី​បំផ្ទុះ​រថយន្ត​អត្តឃាត ដោយ​ក្រុម​សកម្មប្រយុទ្ធ Jaish-e-Mohammed (JeM) ដែល​មាន​ប្រភព​ពី​ប៉ាគីស្ថាន នៅ​ក្នុង​រដ្ឋ​ Kashmir នៃ​​ប្រទេស​​ឥណ្ឌា។ ហេតុការណ៍​នេះ បាន​សម្លាប់​ប៉ូលិស​ឥណ្ឌា យ៉ាង​តិច ៤០​នាក់ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ​កន្លង​ទៅ។

ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ ទ័ព​អាកាស​ឥណ្ឌា បាន​បញ្ជូន​យន្តហោះ​ចម្បាំង បើក​ការ​វាយប្រហារ​ត្រឡប់​ទៅ​លើ​ជំរំ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ JeM នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​វិញ​។ ឥណ្ឌា​អះអាង​ថា ក្រុម JeM ជា​ច្រើន​ត្រូវ​បាន​សម្លាប់ ខណៈ​មន្ត្រី​ប៉ាគីស្ថាន​វិញ​ថា ការ​វាយប្រហារ​របស់​យន្តហោះ​ចម្បាំង​ឥណ្ឌា ទទួល​បរាជ័យ និង​មិន​បង្ក​ឲ្យ​ក្រុម JeM ស្លាប់​ឡើយ​។

យន្តហោះចម្បាំងរបស់កងទ័ពអាកាសឥណ្ឌា

នៅ​ថ្ងៃ​ពុធ ទី​២៧​កុម្ភៈ​នេះ ទ័ព​អាកាស​ឥណ្ឌា បាន​បន្ត​បញ្ជូន​យន្តហោះ​ចម្បាំង​ចូល​ទៅ​ក្នុង​ដែន​អាកាស​របស់​ប៉ាគីស្ថាន​ជាថ្មី​ បន្ទាប់ពី​ប៉ាគីស្ថាន ​បាន​វាយប្រហារ​ពី​ដែន​អាកាស​របស់​ឥណ្ឌា នៅ​តំបន់ Kashmir ​។ យ៉ាង​ណា​ក៏​ដោយ លោក​ឧត្ដមសេនីយ៍ទោ Asif Ghafoor អ្នកនាំពាក្យ​កង​ទ័ព​ប៉ាគីស្ថាន បាន​បញ្ជាក់​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter ថា យន្តហោះ​ឥណ្ឌា ២​គ្រឿង ត្រូវ​បាន​បាញ់​ទម្លាក់​។

លោក​បន្ត​ថា ក្នុង​ចំណោម​យន្តហោះ​ទាំង​ពីរ​គ្រឿង មួយ​បាន​ធ្លាក់​នៅ​រដ្ឋ​ Kashmir របស់​ឥណ្ឌា​ ឯ​មួយ​ទៀត ធ្លាក់​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន ហើយ​ពី​ឡុត​ត្រូវ​បាន​ចាប់​ខ្លួន។

ជុំវិញ​ករណី​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ឡើយ។

ដោយឡែក ប៉ូលិស​ឥណ្ឌា​អះអាង​ថា ពីឡុត ២​នាក់ និង​ជនស៊ីវិល​ម្នាក់ បាន​ស្លាប់ ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​ចម្បាំង​របស់​កងទ័ព​អាកាស​ឥណ្ឌា នៅ​រដ្ឋ​ Kashmir តែ​មិន​បាន​បញ្ជាក់​ពី​ប្រភព​ដែល​បាន​​បាញ់​ទម្លាក់​នោះ​ទេ​។ ប៉ូលិស​ឥណ្ឌា​បន្ត​ថា យន្តហោះ​ចម្បាំង​ប៉ាគីស្ថាន​ចំនួន ៣​គ្រឿង ក៏​បាន​ចូល​ទៅ​ក្នុង​ដែន​អាកាស​របស់​ខ្លួន​ផង​ដែរ មុន​ត្រូវ​បាន​ស្ទាក់ និង​បង្ខំ​ឲ្យ​បក​ក្បាល​ត្រឡប់​ក្រោយ​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;