ការ​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ទី១ សម្រេច​​បានជិត ១០០% ហើយ

  • 2019-02-28 01:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា គម្រោង​ជួសជុល​ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ស្ពាន​ជ្រោយចង្វារ​ទី១) បាន​ប្រព្រឹត្ត​ទៅ​យ៉ាងរលូន ដោយ​សម្រេច​បាន ៩៧% លឿន​ជាងការ​គ្រោងទុក​ ១១%។

កាលពី​ម្សិលមិញ​នេះ លោក​ តូច ចាន់កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចុះ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​គម្រោង​ស្តារ​ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​នេះ ដើម្បី​ធានាថា​ស្ពាន​នេះ អាចត្រូវ​ដាក់​ឱ្យ​សាធារណជន​ប្រើប្រាស់​ បានមុន​ថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខ​នេះ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ជប៉ុន ប្តេជ្ញាចិត្ត​បញ្ចប់​ការងារ​ដែលនៅ​សេសសល់ ដើម្បី​ដាក់ស្ពាន​នេះ​ឱ្យដំណើរការ​ក្នុង​គោលបំណង​សម្រួល​ដល់ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​កំឡុង​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខ​នេះ។

សូមជម្រាប​ថា គម្រោង​ស្តារ​ឡើងវិញ​​ស្ពាន​ជ្រោយ​ចង្វារ​ទី១​នេះ ជា​ហិរញ្ញប្បទាន ឥតសំណង​របស់រដ្ឋាភិបាល​ជប៉ុន ដែល​ត្រូវបាន​ចុះហត្ថលេខា នៅថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ គម្រោងនេះ​បានចាប់ផ្តើម​ការជួសជុល​សាងសង់​នៅថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយមាន​ក្រុមហ៊ុន Obayashi ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ក្នុងការ​ជួសជុល​សាងសង់ និង​ក្រុមហ៊ុន Central Consultant Inc ជា​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;