ថៃ​ បិទ​ជើង​ហោះហើរ​ទៅ​អឺរ៉ុប​ទាំងអស់ ជា​បណ្ដោះអាសន្ន​

  • 2019-02-28 02:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​ប្រកាស​ថា ខ្លួន​បាន​សម្រេច​បិទ​ជើង​ហោះហើរ​ទាំងឡាយ ដែល​ហោះ​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន និង​ទ្វីប​អឺរ៉ុប បន្ទាប់​ពី​ប៉ាគីស្ថាន បិទ​ដែន​អាកាស​របស់​ខ្លួន ក្រោយ​ភាព​តានតឹង​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា​។

អ្នកដំណើររង់ចាំនៅព្រលានយន្តហោះ សុវណ្ណាភូមិ នាក្រុងបាងកក ក្រោយជើងហោះហើរត្រូវបានលុបចោល (រូបថត៖ Twitter/@js100radio)
ចំពោះ​ជើង​ហោះហើរ​នានា ដែល​កំពុង​ធ្វើ​ដំណើរ ត្រូវ​បាន​បញ្ជា​ឲ្យ​បកក្បាល​ត្រឡប់​មក​កាន់​ព្រលាន​យន្តហោះ​សុវណ្ណាភូមិ នៅ​ក្រុង​បាងកក​វិញ។

នៅ​យប់​ថ្ងៃ​ពុធ ទី​២៧ និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កុម្ភៈ​នេះ អាកាសចរណ៍ Thai Airways បាន​លុប​ចោល​ជើង​ហោះហើរ​ចំនួន ១១ ពី​ក្រុង​បាងកក ទៅ​អឺរ៉ុប ដោយសារ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព។ ជាមួយ​គ្នា​នេះ ជើង​ហោះហើរ ដែល​ចាកចេញ​ពី​អឺរ៉ុប បម្រុង​ចុះ​ចត​នៅ​ថៃ ក៏​ត្រូវ​បាន​លុបចោល​ផងដែរ​។

ការ​បិទ​ជើង​ហោះហើរ​ជា​បណ្ដោះអាសន្ន​នេះ គឺ​ដើម្បី​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​លើ​ស្ថានភាព​រវាង​ប៉ាគីស្ថាន និង​ឥណ្ឌា។

កាលពី​រសៀល​ថ្ងៃ​ពុធ រដ្ឋាភិបាល​ឥណ្ឌា ក៏​បាន​ប្រកាស​បិទ​ដែន​អាកាស​របស់​ខ្លួន​មួយ​ផ្នែក​ ដែល​ស្ថិតនៅ​ប៉ែក​ខាង​ជើង​ប្រទេស​ផង​ដែរ​។

សូម​ជម្រាប​ថា ភាព​តានតឹង​រវាង​ប៉ាគីស្ថាន និង​ឥណ្ឌា ត្រូវ​បាន​បង្ក​ឡើង​ជាថ្មី ក្រោយពី​ការ​ប៉ះ​ទង្គិច​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ។ កាល​ពី​ថ្ងៃ​ទី​២៧​កុម្ភៈ យន្តហោះ​ចម្បាំង ២​គ្រឿង​របស់​កងទ័ព​អាកាស​ឥណ្ឌា ត្រូវ​បាន​បាញ់​ទម្លាក់ ​នៅ​ក្នុង​ដែន​អាកាស​របស់​ប៉ាគីស្ថាន ក្នុង​នោះ​ ពីឡុត​ម្នាក់​ត្រូវ​បាន​ប៉ាគីស្ថាន​ចាប់ខ្លួន​៕

អត្ថបទទាក់ទង ប៉ាគីស្ថាន បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា ២​គ្រឿង

ប្រភព៖ The Nation ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;