ជប៉ុន ចាប់ដៃ​ជាមួយ​កម្ពុជា បង្កើត​ទីក្រុង​ឆ្លាតវៃ នៅ​ភ្នំពេញ បាត់ដំបង និង​សៀមរាប

  • 2019-02-28 02:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា និងជប៉ុន បាន​បើកវេទិកា​សាធារណៈ-ឯកជន​លើកទី១ ស្តីពីការ​អភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា-ជប៉ុន ដើម្បី​ចែក​រំលែក​បទ​ពិសោធ​ពាក់ព័ន្ធនឹងការ​រៀបចំ​ទីក្រុង និង​ការគ្រប់គ្រង​ប្រព័ន្ធលូទឹកកខ្វក់ រួមទាំង​ផ្តល់​គំនិត​ដល់​ការរៀបចំ​បង្កើត​ទីក្រុង​ឆ្លាតវៃ (Smart Cities) នៅកម្ពុជា និង​ដើម្បី​ពង្រីកលម្ហ​ធុរកិច្ច​កម្ពុជា-ជប៉ុន។ វេទិកានេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់ ដោយមាន​ការចូលរួមពីលោក YUKI Fumihiko អនុ​រដ្ឋមន្រ្តី​នៃក្រសួង​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃប្រទេសជប៉ុន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឱ្យដឹងថា អង្គវេទិកានេះ បាន​ធ្វើការពិភាក្សា និង​ផ្លាស់ប្តូរ​បទពិសោធ​រយៈពេលពេញ​មួយថ្ងៃ ដោយ​ទទួល​បាន​លទ្ធផល​ដូចខាងក្រោម៖

១.បង្ក​លក្ខណៈ​ដល់​ក្រុមហ៊ុន​ជប៉ុន ​និង​ក្រុមហ៊ុន​កម្ពុជា ចាប់ដៃគូ​វិនិយោគ​រួមគ្នា ជាពិសេស​លើ​អភិវឌ្ឍ​អចលនទ្រព្យ ការ​អភិវឌ្ឍ​សំណង់​លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បរិស្ថាន​ទីក្រុង​ ការ​រៀបចំ​ទីក្រុង និង​រួម​ចំណែក​ក្នុងការ​បង្កើត​ទីក្រុងឆ្លាតវៃ។

២. ជប៉ុន​ជួយ​គាំទ្រ​បង្កើត​ទីក្រុង​ឆ្លាតវៃ នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ ក្រុងបាត់ដំបង និង​ក្រុង​សៀមរាប ដែល​ជាតំបន់​គំរូ។

៣. ជប៉ុន​ជួយ​គាំទ្រ និង​រួមចំណែក​ដល់​ការ​រៀបចំ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាតវៃ អាស៊ាន-ជប៉ុន និង​ការ​បង្កើត​វេទិកា​សាធារណៈ-ឯកជន ​ស្តីពីការ​អភិវឌ្ឍ​នគរូបនីយកម្ម​អាស៊ាន-ជប៉ុន ​នាពេលខាងមុខ។

៤. នៅខែតុលា ឆ្នាំ​២០១៩ នៅទីក្រុង​តូក្យូ រដ្ឋាភិបាល​ជប៉ុន នឹង​រៀបចំ​កិច្ចប្រជុំ​មន្រ្តី​ជាន់ខ្ពស់​នៃ​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន ដើម្បី​ពិភាក្សា​អំពីការរីកចម្រើន ចែករំលែក​បទពិសោធ និង​ដោះស្រាយ​បញ្ហា​ប្រឈម។ នៅឆ្នាំ​២០២០ នៅទីរួមខេត្ត​សៀមរាប ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កម្ពុជា សហការ​ជាមួយ​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន រៀបចំ​វេទិកា​សាធារណៈ-ឯកជន ស្តីពីការ​អភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា-ជប៉ុន លើកទី២។

៥. នៅពាក់កណ្តាល​ខែ​មីនា ឆ្នាំ​២០១៩ ជប៉ុន នឹង​បញ្ជូន​អ្នកបច្ចេកទេស​មកសិក្សា​ដំឡើង​ផ្កាយរណប គាំទ្រ​ដល់ការងារ​រៀបចំ​ស្ថានីយវាស់វែង​អចិន្ត្រៃយ៍​នៅ​កម្ពុជា ដើម្បី​បម្រើ​ដល់​ការងារ​វាស់វែង និង​ផលិត​ផែនទី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;