សុវត្ថិឌី ធារីកា អាចសម្តែងភាពយន្តមានឈុតសិចស៊ី តែត្រូវមានលក្ខខណ្ឌ
- 2019-02-28 06:10:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុវត្ថិឌី ធារីកា អាចសម្តែងភាពយន្តមានឈុតសិចស៊ី តែត្រូវមានលក្ខខណ្ឌ
ចន្លោះមិនឃើញ
តារាចម្រៀង សុវត្ថិឌី ធារីកា ចាប់ផ្ដើមបង្ហើបពីបំណងរបស់ខ្លួនមួយទៀតថាចង់ប្រឡូកក្នុងវិស័យសម្ដែង បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីក្នុងពិភពសិល្បៈ។
នាងតូច អតីតបេក្ខនារីក្នុងកម្មវិធី The Cambodian Idol រដូវកាលទី១ ប្រាប់ថា បើសិនជាមានឱកាស រូបនាងនឹងហក់ចូលក្នុងវិស័យសម្ដែង ដែលប៉ងជាយូរមកហើយ។ កន្លងមក និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ធ្លាប់បានសម្ដែងក្នុងរឿងខ្លីបែបអប់រំខ្លះៗផងដែរ ។ ថ្វីត្បិតដុងពីកំណើតពូកែច្រៀង តែពេលសម្ដែង ស្រីស្អាតចូលចិត្តលេងសើចរូបនេះ នៅតែអាចចូលតួ ថតបានយ៉ាងល្អ។
ធារីកាប្រាប់ថា ធ្លាប់មានផលិតករទាក់ទងឲ្យថតប្រភេទរឿងដុំនិងភាគខ្លះដែរ តែគ្រាមុន ម្ចាស់បទ "ឪពុកអ្នកក្រ" ជាប់រវល់លើការសិក្សា និងច្រៀង ទើបមិនអាចដកឃ្លាសម្រាប់ការថតបាន។ ប៉ុន្តែនៅពេលនេះ បើសិនជាមានឱកាស យុវតីអាយុ២០ឆ្នាំរូបនេះនឹងចូលរួមសម្ដែងតែម្ដង។
ពាក់ព័ន្ធនឹងចរិតលក្ខណៈតួវិញ ធារីកាមិនប្រកាន់តួបែបណានោះទេ គឺរូបនាងអាចសម្ដែងបានទាំងអស់ គ្រាន់តែថាចរិតពីកំណើតចូលចិត្តលេងសើចច្រើន ដូច្នេះបើបានសម្ដែងជាតួក្រមិចក្រមើមវិញ កាន់តែល្អ។ ចំពោះការសម្ដែងមានឈុតសិចស៊ី ស្នេហារោលរាលវិញ សុវត្ថិ ឌីធារីកា មានការស្ទាក់ស្ទើរខ្លះៗដែរ។
រូបនាងបញ្ជាក់ថា មិនមែនដោយសាតែឆ្មើងឆ្មៃ វាយឬកអ្វីនោះទេ តែត្រូវមើលសិនថា ឈុតនោះចង់ឲ្យថតសិចស៊ីដល់កម្រិតណា បើអាចទទួលយកបាន ធារីកាពិចារណាថតបាន។ បើលើសប្រពៃណី វប្បធម៌ខ្មែរ កញ្ញាមិនអាចទទួលថតទេ មានតែសុំការពិភាក្សាជាមួយផលិតករសិន៕