អាជ្ញាធរ​ជាតិ​អប្សរា ឈ្នះ​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី

  • 2019-02-28 06:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ពន្ធ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​អាស៊ីអាគ្នេយ៍​ និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក បាន​ប្រគល់​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​ ដល់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០១៩។ នេះបើយោងតាម​អត្ថបទ​ព័ត៌មាន​របស់អាជ្ញាធរជាតិអប្សរា​ ចុះផ្សាយ​ថ្ងៃទី​២៨កុម្ភៈនេះ។

ពិធីនេះ ត្រូវ​បាន​ធ្វើឡើង​នា​សណ្ឋាគារ​អប្សរា​ផាលេស​ នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី «ការ​ជំរុញ​ទីក្រុង​សៀមរាប​ជា​ទី​ក្រុង​គ្មាន​ផ្សែង​បារី» ក្រោម​អធិបតីភាព​លោក​ ហោ សារុន អនុរដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ និង​លោកស្រី​ ដូមីលី វីឡារេ តំណាង​សម្ពន្ធ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​អាស៊ីអាគ្នេយ៍​។

ក្នុង​នាម​អគ្គនាយក​តំណាង​ទទួល​ពានរង្វាន់​លោក​ ហង់ ពៅ បាន​សម្តែង​នូវ​សេចក្ដី​ត្រេកអរ​ចំពោះ​ការ​ផ្តល់​ទំនុក​ចិត្ត​ និង​កិត្តិយស​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការ​លើក​កម្ពស់​បរិស្ថាន​ក្នុង​តំបន់​អង្គរ​គ្មាន​ផ្សែង​បារី ដែល​កិច្ចការ​នេះ​សម្រេច​បាន គឺ​បាន​ពី​ការ​ចូលរួម​ទាំងអស់​គ្នា ទាំង​សាលា​ខេត្ត​សៀមរាប មន្ទីរ​បរិស្ថាន ក្រសួង​សុខាភិបាល អង្គរ​គាំពារ​សុខភាព និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ តាម​រយៈ​ពាន​រង្វាន់​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ភារកិច្ច ហើយ​ពង្រីក​តំបន់​គ្មាន​ផ្សែង​បារី​ ក្នុង​រមណីយដ្ឋាន​អង្គរ​កាន់​តែ​ទូលំទូលាយ​ជាង​មុន​បន្ថែម​ទៀត​។

ថ្លែង​ក្នុង​អង្គ​សិក្ខា​សាលា លោក​ ហោ សារុន បាន​បញ្ជាក់​ថា​ នៅ​ខែ​តុលា ឆ្នាំ​២០១៩​ខាងមុខ​នេះ ខេត្ត​សៀមរាប​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ លើក​ទី​៧ នៃ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ផងដែរ។

សូម​បញ្ជាក់​ដែរ​ថា យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក មាន​មនុស្ស ៧លាន​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ (៦​លាន​នាក់​ជក់​បារី ៨៦០​ពាន់​នាក់​ស្រូប​ផ្សែង​បារី​ពី​គេ)។ ក្នុង​នោះ ថវិកា​ចំនួន ១,៤ ពាន់​លាន​ដុល្លារ​បាន​ខាតបង់​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​ជក់ (ព្យាបាល​ជំងឺ និង​ស្លាប់​មុន​ពេល​កំណត់ បាត់បង់​កម្លាំង​ពលកម្ម)។

ចំពោះ​ទំហំ​នៃ​ការ​ខាតបង់​នៅ​កម្ពុជា គឺ​មនុស្ស​ ១ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំ (ប្រហែល ៣០​នាក់​ក្នុង១​ថ្ងៃ) របាយការណ៍​របស់ ​WHO។ ថវិកា​ប្រមាណ​ ២០០លាន​ដុល្លារ ខាតបង់​ដោយសារ​ការ​ទិញ​បារី (NIS 2015)។ រីឯ​ថវិកា​ប្រមាណ ១៦២​លាន​ដុល្លារ​ ត្រូវ​ចំណាយ​ដើម្បី​ព្យាបាល​ជំងឺ​ប្រាំ​មុខ (NCHP)​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;