ជប៉ុន ផ្តល់​កម្ចី​ជាង ៣៣លានដុល្លារ​ លើ​គម្រោង​​ធារាសាស្រ្ត ដែល​អាច​ស្រោចស្រព​លើផ្ទៃដី​​ជិត ១៣ម៉ឺន​ហិកតា

  • 2019-02-28 08:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​​ជប៉ុន បាន​ផ្តល់​ឥណទាន​សម្បទានចំនួន​ ៣៣,៥លានដុល្លារ សម្រាប់​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធស្រោចស្រព និង​ប្រព័ន្ធដោះទឹក​ខាងលិច​ទន្លេសាប (ជំហានទី២)។ ពិធី​ចុះ​ហត្ថលេខានេះ​ធ្វើឡើង​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Yuichi SUGANO ប្រធាន​ JICA ប្រចាំ​នៅ​កម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសេដ្ឋកិច្ច បាន​ឱ្យដឹងថា គម្រោង​នេះ​មាន​ទិសដៅសាងសង់​ និង​ជួសជុល​ប្រព័ន្ធ​ធារាសាស្រ្ត ដែល​នឹង​អាច​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម​សរុប​ប្រមាណ ១២ ៧៦០ហិកតា។

តាមរយៈ​គម្រោង​នេះ កម្ពុជា នឹង​រៀបចំ​បង្កើត និង​ពង្រឹង​សហគមន៍ កសិករ​ប្រើប្រាស់​ទឹក និង​ផ្សព្វផ្សាយ​ស្តីពី​ការ​គ្រប់គ្រង​កសិកម្ម នៅតាម​តំបន់​ជនបទ​ចំនួន៦ អនុគម្រោងនៃខេត្ត​ចំនួន៣ នៅភាគខាងលិច​បឹងទន្លេសាប រួមមាន៖ អនុគម្រោងលំហាច (ខេត្ត​កំពង់ឆ្នាំង), អនុ​គម្រោង​ដំណាក់​អំពិល, អនុ​គម្រោង​វត្តល្លួង និង​អនុគម្រោង​វត្ត​ជ្រៃ (ខេត្ត​ពោធិ៍សាត់), អនុ​គម្រោង​រៀមគុន និង​អនុ​គម្រោង​ប្រឡាយ​ពោធិ៍ (ខេត្ត​បាត់ដំបង) ជាដើម។

គម្រោង​នេះ​នឹងចូលរួម​ចំណែក​ផងដែរ ក្នុងការ​បង្កើន​ផលិតកម្ម​កសិកម្ម​យ៉ាងខ្លាំង ក្នុង​តំបន់​គោលដៅ និង​បង្កើត​វិស័យ​ទេសចរណ៍​ធម្មជាតិ ដែល​ជាកត្តា​ជួយធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​រស់នៅ​តាម​ជនបទ កាន់តែខ្លាំង។

សូម​បញ្ជាក់​ថា ក្រៅពីកិច្ចព្រមព្រៀង​ខាងលើនេះ ភាគីទាំង២ ក៏បាន​ចុះហត្ថលេខា​លើ​ហិរញ្ញប្បទាន​ឥតសំណង​ចំនួន ១១,៨លានដុល្លារ​ផងដែរ សម្រាប់​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់ផែ ដើម្បី​ការធ្វើ​ទំនើបកម្ម​កំពង់ផែ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​ឱ្យដឹងថា រាប់​ទាំង​កិច្ចព្រមព្រៀង​ទាំង២ ខាងលើនេះ ក្នុងឆ្នាំ​សារពើពន្ធ​ជប៉ុន២០១៨ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JICA បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ស្តីពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​សរុប​ចំនួន ១៣២,២៧លានដុល្លារ។ ក្នុង​នោះ​ជំនួយ​ឥតសំណង​ប្រមាណ ១៤,៩១​លានដុល្លារ និង​ឥណទាន​សម្បទាន​ប្រមាណ ១១៧,៣៦​លានដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;