រាជ​រដ្ឋាភិបាល សម្រេច​បង្កើត​ព្រលាន​យន្តហោះ​ថ្មី នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល និង​តាកែវ

  • 2019-03-01 01:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​សម្រេច​បង្កើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ខ្នាត 4F លើផ្ទៃដី​ទំហំ ២៦០០​ហិកតា ដែលអាច​ទទួល​យន្តហោះ​ខ្នាតធំ​បាន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ។

លោក ជា សុផារ៉ា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និងជា​ប្រធាន​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយមាន​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម និង​តំណាង​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន កាលពី​ថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង។

រូបតំណាង
យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យដឹង​ថា៖

-ប្រគល់ភារកិច្ច​ជូន​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ រៀបចំ​កិច្ចព្រមព្រៀង​ដាក់​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ និង​សុំការ​សម្រេច​ពី​រាជរដ្ឋាភិបាល ដើម្បី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន និង​សិក្សា​កំណត់​តំបន់​សុវត្ថិភាព នៃការ​ហោះហើរ។

-ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​គាំទ្រ​ដល់ការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់ ចុះ​កំណត់​និយាមកា​ទីតាំង​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បោះ​បង្គោល​ព្រំ កំណត់​តំបន់​លំនៅឋាន និង​កម្ពស់​អគារ​រៀបចំ​ប្លង់​លម្អិត​នគរូបនីយកម្ម និង​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ។

-អនុវត្ត​ឱ្យមានការ​ឯកភាពគ្នា​នូវ​ប្រព័ន្ធនិយាម​ការ Datum WGS 84 ​ក្នុងការ​វាស់វែង គូសទីតាំង​ក្បាលដី ​ក្នុង​ផែនទី​តែមួយ។

-រដ្ឋបាល​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ សហការ​ជាមួយ​ក្រុម​ការងារ និង​ក្រុមហ៊ុន​ក្នុងការ​អនុវត្ត​តួនាទី និង​ភារកិច្ច​គាំទ្រ​ដល់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ ស្របតាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល។

-រដ្ឋបាល​ខេត្ត​កណ្តាល ​រដ្ឋបាល​ខេត្ត​តាកែវ និង​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្រ្ត​​មាន​ភារកិច្ច​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ដែលមាន​ដី​នៅក្នុង​ទីតាំង​គម្រោង​ឱ្យ​បាន​ច្បាស់លាស់ ដោយ​ផ្អែកទៅ​តាម​ការ​កាន់កាប់​ជាក់ស្តែង និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ។ ជំហាន​បន្ទាប់​តាម​ការចាំបាច់ ផ្អាក​ជាបណ្តោះអាសន្ន​ការ​ធ្វើ​ចរន្ត​ការដី ស្ថិតក្នុង​ទីតាំង​ដែល​បង្ក​ការ​លំបាក និង​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​គម្រោង។

-ស្នើស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​ជាមុន​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ជាអាទិ៍ ការ​បង្កប់​បំពង់ហ្គាស បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធលូ ខ្សែកាប​អុបទិក អាង​ប្រព្រឹត្ត​កម្ម​ទឹកកខ្វក់​ឱ្យ​បាន​ត្រឹម​ត្រូវ​មុន​បង្ហូរ​ចូលលូ​សាធារណៈ អង់តែន​ទូរសព្ទ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោមដី​ផ្សេងទៀត ចៀសវាង​រៀបចំ​តាម​ក្រោយ​ដែល​បង្ក​ឱ្យ​ខូចខាត​ដល់​ផ្លូវថ្នល់ ​ជាពិសេស ប្រព័ន្ធ​ការពារ និង​រំដោះ​ទឹកជំនន់។

រូបតំណាង

-ស្នើ​ក្រុមហ៊ុន​បង្កើត​ទីស្នាក់​ការ​បណ្តោះអាសន្ន​សម្រាប់​ធ្វើការ​នៅលើ​ទីតាំង ជ្រើសរើស​បុគ្គលិក​ចេញ​ពី​មូលដ្ឋាន​ដែលមាន​កាយ​សម្បទា និង​លក្ខណៈ​សម្បត្តិ តាម​ចំនួន​សមស្រប​ មក​បម្រើការងារ​ចាំបាច់​ក្នុងការ​អនុវត្ត​គម្រោង។ ជំហាន​បន្ទាប់ អាចជ្រើសរើស​បុគ្គលិក​បន្ថែម តាម​តម្រូវការ​ជាក់ស្តែង។

-លើកទឹកចិត្ត​ប្រើប្រាស់​ធនធាន​មនុស្ស​ក្នុងស្រុក​ទាំងអ្នក​ជំនាញ និង​អ្នក​គ្មាន​ជំនាញ​ឱ្យ​អស់​លទ្ធភាព​ ក្នុងការ​អនុវត្ត​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;