នាយករដ្ឋមន្ត្រី សម្រេច​ដកមុខ​តំណែង​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ចំនួន​២រូប

  • 2019-03-01 04:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​នៅថ្ងៃទី១ ខែមីនា ឆ្នាំ​២០១៩​នេះ សម្រេច​​បញ្ចប់​មុខតំណែងអភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន២រូប គឺ៖

១. លោក ស្រ៊ុន ស្រ៊ន់ ឋានន្តរស័ក្តិ​ឧត្តម​មន្រ្តី​ថ្នាក់លេខ៣

២. លោក ផៃ ប៊ុន​វណ្ណៈ ឋានន្តរស័ក្តិ​ឧត្តម​មន្រ្តី ថ្នាក់លេខ៥។

សម្តេច​ ហ៊ុន សែន បាន​ហៅការបញ្ចប់​មុខតំណែង​នេះថា ជាការបង្ខំ​ចិត្ត​អនុវត្ត​អភិក្រម​ទី៥ គឺ​ការ​វះ​កាត់។ «ខ្ញុំត្រូវតែ​យក​គ្រាប់គ្រួស​ និង​ខ្សាច់​ចេញពី​ស្បែក​ជើង ​ទើប​អាច​ដើរទៅមុខ​ទៀតបាន។ ខ្ញុំគ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខិលខូច​ទៀតទេ​ ព្រោះខ្ញុំ​បាន​អប់រំ​ពួកគេ​ច្រើន​ហើយ។ ដល់ពេល​នេះ​ខ្លា​ក៏ត្រូវ​វាយ ពស់​ក៏ត្រូវវាយ កណ្តុរ​ក៏ត្រូវវាយ រុយ​ក៏ត្រូវវាយ ឱ្យ​តែ​បំពាន​លើ​ផល​ប្រយោជន៍​ប្រជាជន»។

ការ​បញ្ចប់​តំណែង​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ទាំងពីរ​រូបនេះ គឺ​មួយថ្ងៃ បន្ទាប់ពី​សម្តេច ហ៊ុន សែន បាន​ព្រមាន​ដក​អភិបាលរង​ខេត្ត​ពីរ​នាក់ និង​មេទ័ព​ខេត្ត​ព្រះសីហនុ​ម្នាក់ ពាក់ព័ន្ធ​នឹង​ការចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ស្ថិតនៅ​ចំណុច​ពយ​ម៉ាចូវ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រហូត​ឈា​នដល់ការ​ផ្ទុះ​អាវុធ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​រងរបួស ជាពិសេស កម្លាំង​ប៉េអឹម និងយោធា​ បាន​ប្រើ​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ទាំងដៃ​ជាប់​ចំណង។ ការព្រមាន​នេះ បាន​ធ្វើឡើង​នៅក្នុងកិច្ច​ប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅវិមាន​សន្តិភាព៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;