សិង្ហបុរី ទិញ​យន្តហោះ​ចម្បាំង F-35 ដើម្បី​កសាង​ទ័ព​អាកាស​ជំនាន់​ថ្មី

  • 2019-03-01 06:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ​សិង្ហបុរី ទិញ​យន្ត​ហោះ​ចម្បាំង F-35 ​ចំនួន ៤​គ្រឿង ពី​សហរដ្ឋអាមេរិក ក្នុង​លក្ខខណ្ឌ​ដែល​អាច​ទិញ​បន្ថែម ៨​គ្រឿង​ទៀត ក្នុង​គោល​បំណង​ដើម្បី​បង្កើត​កងទ័ព​អាកាស​ជំនាន់​ថ្មី​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី Ng Eng Hen នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​មីនា ឆ្នាំ​២០១៩​។

ការ​បញ្ជាក់​រដ្ឋមន្ត្រី​ការពារជាតិ​រូប​នេះ គឺ​បន្ទាប​ពី​សភា​អាមេរិក បាន​យល់ព្រម​លក់​យន្តហោះ​ចម្បាំង F-35 ឲ្យ​សិង្ហបុរី។ លោក​រដ្ឋមន្ត្រី​បន្ត​ថា លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ បាន​ផ្ញើ​លិខិត​មួយ​មក​កាន់​លោក​នាយករដ្ឋមន្ត្រី​សិង្ហបុរី Lee Hsien Loong កាល​ពី​ខែ​មុន ដើម្បី​បង្ហាញ​ការ​ស្វាគមន៍​សិង្ហបុរី ដែល​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា យន្តហោះ​ចម្បាំង F-35 មាន​តម្លៃ ចាប់​ផ្ដើម​ពី ៩០​លាន​ដុល្លារ​អាមេរិក ដល់ ១១៥​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រឿង​។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​បន្ត​ថា ក្រសួង​ការពារ​ជាតិ​សិង្ហបុរី​​នឹង​បង្កើត​ជា​កង​ទ័ពអាកាស​នៃ​សាធារណរដ្ឋ​សិង្ហបុរីថ្មី​មួយ​ ដោយ​​ប្រើប្រាស់ F-35 និង យន្តហោះ F-15 ដែល​គ្រោង​ចេញ​ជា​រូបរាង នៅ​ឆ្នាំ​​២០៣០។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​ការពារ​ជាតិ​សិង្ហបុរី គ្រោង​ទិញ​នាវា​ចម្បាំង​ទំនើប​ៗ​បន្ថែម​ទៀត សម្រាប់​គម្រោង​ខាង​លើ​នេះ​ផង​ដែរ​។ គម្រោង​នេះ មាន​ទាំង​លើ​គោក អាកាស និង​លើ​ទឹក​។

គួរ​ជម្រាប​ថា F-35 ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin នៅ​អាមេរិក ជា​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥ ដែល​មាន​សមត្ថភាព​វាយ​ប្រហារ​លើ​សត្រូវ នៅ​លើ​គោក និង​លើ​អាកាស​៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;