រោងចក្រ​ផលិត​កាំភ្លើង​ AK ​រុស្ស៊ី ​បើក​សម្ពោធជា​ផ្លូវ​ការ ​នៅ​ឥណ្ឌា​

  • 2019-03-04 10:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងចក្រ​ផលិត​កាំភ្លើង​ អាកា​របស់​រុស្ស៊ី ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៩​ នៅ​ក្រុង Amethi រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា ក្រោម​កិច្ច​ព្រមព្រៀង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌឺមៀ ពូទីន និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី កាលពី​ឆ្នាំ​មុន​។

ពិធីសម្ពោធ​រោងចក្រ​ផលិតកាំភ្លើង AK-203 នៅក្រុង Amethi រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា
​តាម​ផែនការ រោងចក្រ​នេះ នឹង​ផលិត​កាំភ្លើង AK-203 ចំនួន ៧​សែន​ដើម។ កង​ទ័ព​ឥណ្ឌា នឹង​ប្រើប្រាស់​កាំភ្លើង​ស៊េរី​ថ្មី​ទាំងនេះ ជំនួស​ប្រភេទ​ INSAS ដែល​ខ្លួន​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​។

យោង​តាម​ប្រសាសន៍​របស់​លោក ម៉ូឌី ក្នុង​ពិធី​បើក​សម្ពោធ​រោងចក្រ​ផលិត​កាំភ្លើង​ខាងលើ ឥណ្ឌា​គ្រោង​នាំចេញ AK-203 ទៅ​កាន់​ប្រទេស​ទី​បី​ផង​ដែរ តែ​លោក​មិន​បាន​បញ្ជាក់​ថា ប្រទេស​ណា​ឡើយ​។

ជាមួយ​គ្នា​នេះ សារ​លិខិត​របស់​លោក ពូទីន ប្រធានា​ធិបតី​រុស្ស៊ី ដែល​ត្រូវ​បាន​អាន​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា លោកស្រី Nirmala Sitharaman បាន​ឲ្យ​ដឹង​ថា តាម​រយៈ​គម្រោង​នេះ ឥណ្ឌា​នឹង​អាច​បំពេញ​តម្រូវការ​ផ្នែក​សន្តិ​សុខ​ជាតិ​បន្ថែម​ទៀត ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​ទំនើប​របស់​រុស្ស៊ី ហើយ​រោងចក្រ​ផលិត​កាំភ្លើង​ថ្មី​នេះ ជា​និមិត្តរូប​នៃ​សម្ពន្ធភាព​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​ប្រធានាធិបតី​រុស្ស៊ី​គូស​បញ្ជាក់​ក្នុង​សារលិខិត​ទៀត​ថា ក្នុង​រយៈ​ពេល​ជាង ៧​ទសវត្សរ៍​ចុងក្រោយ​នេះ រុស្ស៊ី​បាន​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ឥណ្ឌា និង​បាន​បើក​រោងចក្រ​ប្រមាណ ១៧០​កន្លែង ​ក្នុង​ប្រទេស​នេះ​។

សូម​ជម្រាប​ថា AK-203 ជា​អាវុធ​ទំនើប​ចុងក្រោយ ដែល​បន្ត​វេន​ពី​​ប្រភេទ AK-47 ។ វាមាន​ទម្ងន់​ស្រាល​ជាង ប្រភេទ INSAS ដែល​កង​ទ័ព​ឥណ្ឌា​កំពុង​ប្រើប្រាស់ ដោយ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ចម្ងាយ​ត្រឹម ៤០០​ម៉ែត្រ។ AK-203 បំពាក់​គ្រាប់​ប្រវែង ៧,៦២ មិល្លីម៉ែត្រ ដោយ ១វិនាទី បាញ់​បាន ១០​គ្រាប់​៕

ប្រភព៖ NDTV | Times of India ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;