លោក ត្រាំ គ្រោង​ដក​ប្រព័ន្ធអនុគ្រោះពន្ធ​​ GSP ពីឥណ្ឌា​

  • 2019-03-05 03:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩ បាន​ឲ្យដឹង​ថា លោក​គ្រោង​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៥,៦​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក ត្រាំ បាន​ថ្លែង​ថា ជំហរ​របស់​លោក ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដោយសារ​រដ្ឋាភិបាល​ឥណ្ឌា មិន​បាន​ផ្ដល់​នូវ​លក្ខខណ្ឌ​ដែល​ស្មើភាព និង​សម​ស្រប​មួយ ដើម្បី​ឲ្យ​ទំនិញ​អាមេរិក​ចូល​ទៅ​កាន់​ទីផ្សារ​ឥណ្ឌា។

ឥណ្ឌា​បាន​កំណត់​​ពន្ធ​ខ្ពស់​ ចំពោះ​ទំនិញ​ដែល​នាំចូល​ពី​អាមេរិក មាន​ដូចជា ផ្កា កៅស៊ូ យានយន្ត ភេសជ្ជៈ​មាន​ជាតិ​អាល់កុល និង ផលិត​ផល​វាយនភណ្ឌ ជា​ដើម​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក បាន​បញ្ជាក់​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​ឥណ្ឌា នឹង​ចូល​ជា​ធរមាន​ក្នុង​ពេល​យ៉ាង​តិច​ ៦០​ថ្ងៃ ក្រោយ​ការ​ជូន​ដំណឹង​ទៅកាន់​សភា​អាមេរិក និង​រដ្ឋាភិបាល​ឥណ្ឌា។

យោង​តាម​របាយការណ៍​ពី​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក បង្ហាញ​ថា ឱនភាព​ពាណិជ្ជកម្ម​អាមេរិក-ឥណ្ឌា មាន​ទំហំ​ទឹកប្រាក់ ២៧,៣​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧។

សូម​ជម្រាប​ថា ពន្ធ​អនុគ្រោះ GSP ផ្ដល់​សម្រាប់​ផលិតផល​មកពី​ជាង​ ១២០​ប្រទេស ដែល​នាំ​ចូល​ទីផ្សារ​អាមេរិក​ ក្នុង​នោះ ក៏​មាន​ឥណ្ឌា​ផង​ដែរ៕

ប្រភព៖ Reuters | Sputnik News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;