សភា​អាល្លឺម៉ង់ សន្យា​ផ្តល់​ព័ត៌មាន​ពិត​របស់​​កម្ពុជា ទៅ​ភាគី​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា EBA

  • 2019-03-05 04:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាជិក​សភា​អាល្លឺម៉ង់ លោក Manfred Grund បាន​សន្យា​ថា នឹង​ផ្តល់​ព័ត៌មាន​ពិត​ពី​កម្ពុជា ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ជុំវិញ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក Manfred Grund និង​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា កាលពីថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩។

លោក Manfred Grund បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា គឺដើម្បី​សិក្សា​ស្វែងយល់ និង​ថ្លឹងថ្លែង បញ្ហា EBA ដើម្បី​ឲ្យមាន​ការ​ទទួល​បាន​ព័ត៌មាន​ស្មើគ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​សភា​អាល្លឺម៉ង់ និង​សភា​កម្ពុជា ឲ្យកាន់​តែល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ផងដែរ។

លោក ឈាង វុន បាន​ជម្រាប​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ពិសេស​សុខ​សន្តិភាព និងការ​អភិវឌ្ឍ​ដល់​លោក Manfred Grund។ លោក​លើកឡើង​ថា កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ដឹកនាំ​ប្រទេស​តាមបែប​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត រៀងរាល់​ប្រាំ​ឆ្នាំម្តង ដោយមាន​គណបក្ស​ជាច្រើន​ចូលរួម​ប្រកួត​ប្រជែង​ដោយ​សេរី និង​យុត្តិធម៌។

លោក ឈាង វុន បន្ថែម​ថា សហគមន៍​អឺរ៉ុប​មិនគួរ​យក​បញ្ហា EBA ដែលជា​បញ្ហា​ពាណិជ្ជកម្ម មកធ្វើ​ជារឿង​នយោបាយ​នៅ​កម្ពុជា​នោះទេ។ ជាមួយគ្នានេះ​លោកក៏​បានស្នើ​ដល់​សភាអាល្លឺម៉ង់ បន្ត​ជួយ​កម្ពុជា​ទៅលើ​គ្រប់វិស័យ និង​ការ​បណ្តុះបណ្តាល​យុវជន​ជំនាន់​ថ្មី​ផងដែរ៕

រូបថត៖ ហ្វេសប៊ុករដ្ឋសភាជាតិ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;