ចិន នឹង​ចំណាយ​ថវិកា​យោធា​ដល់​ជិត ១៨០ពាន់​លាន​ដុល្លារ ក្នុងឆ្នាំ​២០១៩

  • 2019-03-05 08:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ចំណាយ​ថវិកា​យោធា​របស់​ប្រទេសចិន​ក្នុង​ឆ្នាំ២០១៩ នឹង​កើនឡើង​ត្រឹម ៧,៥% ស្មើនឹង​ប្រមាណ ១៧៧,៦ពាន់​លាន​ដុល្លារ។ នេះ​បើយោងតាម​សេចក្តី​ព្រាង​ថវិកា​របស់​ចិន ដែល​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​សភា នាថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ។

ការ​បង្កើន​ថវិកា​យោធា​ត្រឹម​កម្រិត​នេះ ធ្វើឡើង​ខណៈ​ដែល​ចិន កំណត់​គោលដៅ​កំណើន​សេដ្ឋកិច្ច​ក្នុងឆ្នាំ​២០១៩​នេះ ពី ៦ ទៅ ៦,៥%។

នាយក​រដ្ឋមន្រ្តីចិន លោក លី ខឺឈាង បាន​ថ្លែងក្នុងកិច្ចប្រជុំសភា​នេះថា ចិន​នឹង​អនុវត្ត​យុទ្ធសាស្រ្ត​យោធាសម្រាប់​យុគសម័យ​ថ្មី ពង្រឹងការហ្វឹកហាត់​យោធា​ក្រោម​លក្ខខណ្ឌ​ប្រយុទ្ធ និង​ការ​ប្តេជ្ញា​ការការពារ​អធិបតេយ្យភាព សន្តិសុខ និង​ផលប្រយោជន៍​របស់ចិន។ ចិន​ក៏នឹង​បង្កើត​ភាព​ច្នៃប្រឌិត​នៅក្នុង​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​យោធា​ផងដែរ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិន បាន​បញ្ជាក់​ថា ចិន​នឹងនៅតែបន្ត​បង្កើន​ការ​ចំណាយ​យោធា​ក្នុងកម្រិត​សមរម្យ​ សម្រាប់​សេចក្តី​ត្រូវការ​ក្នុងការការពារ​សន្តិសុខ និង​កំណែ​ទម្រង់​យោធា។

កាលពីឆ្នាំ​២០១៨ ចិនបាន​បង្កើន​ការ​ចំណាយ​យោធា​ដល់​ទៅ ៨,១% និង​ឆ្នាំ​២០១៧ ចំនួន​តែ ៧% ដែល​ជា​កំណើន​ទាប​ជាង​គេ​បំផុត ក្នុង​រយៈពេល ៧ឆ្នាំ​ចុងក្រោយ​នេះ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;