សម្តេច ស ខេង ​ណែនាំ​ឱ្យ​អភិបាល​រាជធានី-ខេត្ត​ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ចុះបញ្ជី​គណបក្ស និង​បេក្ខជន

  • 2019-03-06 02:45:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​លិខិត​ជម្រាប​ទៅ​អភិបាល​រាជធានី-ខេត្ត ស្ដីពីការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់ការ​ចុះ​បញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ​២០១៩។

នៅក្នុង​លិខិតដែល​ចុះថ្ងៃទី៤ ខែ​មីនា ឆ្នាំ​២០១៩ ឱ្យដឹងថា គណៈ​កម្មការ​រាជធានី-ខេត្ត រៀបចំ​ការ​បោះឆ្នោត នឹង​ចាប់ផ្ដើម​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ក្រុមប្រឹក្សា​ខេត្ត​ក្រុមប្រឹក្សា​ក្រុង​ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិទី ៣ ឆ្នាំ២០១៩ ចាប់ពី​ថ្ងៃទី៧ ខែ​មីនា ដល់​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០១៩ ដើម្បី​ធានា​ឲ្យ​ដំណើរការ​ចុះ​បញ្ជី​គណបក្ស​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ប្រព្រឹត្ត​ទៅដោយ​រលូន ស្របតាម​ប្រតិទិន​របស់ គ.ជ.ប។

លោក មាន សទិ សមាជិក គ.ជ.ប បាន​ឱ្យដឹង​ថា ការចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា អាណត្តិទី៣ គឺ​គ្រប់​គណបក្ស​នយោបាយ ដែលបាន​ចុះ​បញ្ជី​យ៉ាង​ត្រឹមត្រូវ ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ នៅ​ក្រសួង​មហាផ្ទៃ មាន​សិទ្ធិ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណតិ្ត​ទី៣ ឆ្នាំ​២០១៩។

លោក​បាន​បន្ថែម​ថា គណបក្ស​នយោបាយ​ដែលមាន​បំណង​ចូលរួម​ប្រកូត​ប្រជែង ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ត្រូវចាប់ផ្តើម​ដាក់ពាក្យ​សុំចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​នៅ​គណៈកម្មការ​រាជធានី-ខេត្ត រៀបចំ​ការ​បោះឆ្នោត (គធ.ខប) យ៉ាងតិច ៨០​ថ្ងៃ មុនកាល​បរិច្ឆេទ​នៃការ​បោះឆ្នោត មាន​ន័យថា ការចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ មាន​រយៈពេល​តែ ៥​ថ្ងៃ​ប៉ុណ្ណោះ ចាប់ផ្តើម​ពីថ្ងៃទី៧ ដល់ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩។

សូម​ជម្រាប​ថា កាលបរិច្ឆេទ​នៃការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខរៀង​គណបក្ស​នយោបាយ​នៅលើ​សន្លឹក​ឆ្នោត គ.ជ.ប មិនមែន​ជា​អ្នក​កំណត់​ទេ គឺ​អាស្រ័យ​ទៅលើ​នីតិវិធី​នៃការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ និង​ការ​ប្តឹងតវ៉ា និង​ដោះស្រាយ​ពាក្យ​បណ្តឹង​ទាក់ទង​នឹង​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ចប់​ជាផ្លូវការ ទៅតាម គធ.ខប នីមួយៗ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;