លោក ​ត្រាំ ហក់​ឡើង​៥១​លេខ ​ក្នុង​បញ្ជី​មហា​សេដ្ឋី​ពិភពលោក

  • 2019-03-06 02:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ​ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ហក់​ឡើង​ចំនួន ៥១​លេខ ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក ដោយ​ឡើង​ពី​ចំណាត់ថ្នាក់​លេខ ៧៦៦ ​មក ៧១៥ ដោយ​មាន​ទ្រព្យសម្បត្តិ​ចំនួន ៣,១ ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ របស់ Forbes ប្រចាំ​ឆ្នាំ​២០១៩​។

លោក ដូណាល់ ​ត្រាំ ប្រធានាធិបតី​អាមេរិក
Forbes បាន​ឲ្យដឹង​ថា លោក ត្រាំ បាន​លក់​អចលនទ្រព្យ​បាន​ប្រមាណ ៣៥​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ ក្នុង​ជំនួញ​របស់​លោក​។ ក្នុង​ដើម​ឆ្នាំ​២០១៩​នេះ លោក​បាន​លក់​ខុនដូ ១​កន្លែង នៅ Manhattan តម្លៃ ២,១៥​លាន​ដុល្លារ​អាមេរិក​។

ប្រភព​បន្ត​ថា លោក ត្រាំ មិន​មែន​ជា​មន្ត្រី ដែល​មាន​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក​ឡើយ។ លោក JB Pritzker អភិបាល​រដ្ឋ Illinois មាន​ទ្រព្យ​សម្បត្តិ ៣,២​ពាន់​លាន​ដុល្លារ​អាមេរិក។ យ៉ាង​ណា​ក៏ដោយ លោក​ប្រធានាធិបតី​អាមេរិក នៅ​តែ​ជា​អ្នក​នយោបាយ​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ នៅ​រដ្ឋ​វ៉ាស៊ីនតោន​។

បើ​តាម Forbes មហាសេដ្ឋី​លេខ​១លើ​ពិភពលោក គឺ​លោក Jeff Bezos ទ្រព្យ​សម្បត្តិ ១៣១ ពាន់​លាន​ដុល្លារ​អាមេរិក។ លេខ​២ គឺ​លោក Bill Gates ទ្រព្យ​សម្បត្តិ ៩៦,៥ ពាន់​លាន​ដុល្លារ និង​លេខ៣ គឺ​លោក Warren Buffett ទ្រព្យ​សម្បត្តិ ៨២,៥ ពាន់​លាន​ដុល្លារ៕

លោក Jeff Bezos ទ្រព្យ​សម្បត្តិ ១៣១ ពាន់​លាន​ដុល្លារ​អាមេរិក

ប្រភព៖ Forbes ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;