ក្រុមការងារ EU នឹងមកកម្ពុជានៅចុងខែនេះ ពាក់ព័ន្ធនឹងដំណើរការដក EBA
- 2019-03-06 03:35:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមការងារ EU នឹងមកកម្ពុជានៅចុងខែនេះ ពាក់ព័ន្ធនឹងដំណើរការដក EBA
ចន្លោះមិនឃើញ
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលជិតចប់អាណត្តិ បានឱ្យដឹងថា ក្រុមការងារនៃគណៈកម្មការអឺរ៉ុប នឹងមកកម្ពុជា ក្នុងអំឡុងពេលចុងខែមីនា ឬខែមេសា ខាងមុខនេះ ដើម្បីពិនិត្យ និងពិភាក្សាជុំវិញដំណើរការដកប្រព័ន្ធអនុគ្រោះ EBA។ លោកថ្លែងដូច្នេះ ក្នុងជំនួប និងជម្រាបលា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។
ក្នុងជំនួបនេះដែរ ភាគីទាំង២ ក៏បានពិភាក្សាផងដែរអំពីគម្រោង ដែលផ្ដល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃប្រទេសអាល្លឺម៉ង់ មានឈ្មោះថា ARISE+Cambodia ដែលអនុវត្តដោយអង្គការ GIZ។ គម្រោងនេះ មានសក្ដានុពលក្នុងការជួយកំណែទម្រង់កាំកុងត្រូល រៀបចំគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម និងការងារដទៃទៀត ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងបរិបទបច្ចុប្បន្ន។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់កាលពីពេលកន្លងមកថា ដំណើរការនីតិវិធីរបស់សហភាពអឺរ៉ុប ក្នុងការឈានដល់ការព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» គឺមានរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្នុងនោះរយៈពេលនៃការព្យួរ EBA ត្រូវបានកំណត់ជា ២ដំណាក់កាល៖
-ដំណាក់កាលទី១ មានរយៈពេល ៦ខែ៖ ជាដំណាក់កាលដំបូង ដែលគណៈកម្មការអឺរ៉ុប ធ្វើការពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាពនៃការអនុវត្តកាតព្វកិច្ចតាមបទបញ្ញត្តិលេខ 978/2012។
-ដំណាក់កាលទី២ មានរយៈពេល ៦ខែ៖
-ក្នុងរយៈពេលនេះ ប្រសិនបើគណៈកម្មការអឺរ៉ុបពិនិត្យឃើញថា កម្ពុជាបានបង្ហាញពីវឌ្ឍនភាពនៃការងារទាក់ទងនឹងការព្រួយបារម្ភរបស់សហភាពអឺរ៉ុបនោះហើយ គណៈកម្មការអឺរ៉ុប យល់ថារបាយការណ៍នោះពិតជាមានវឌ្ឍនភាពគ្រប់គ្រាន់ នោះគណៈកម្មការនឹងទម្លាក់ចោលនូវចេតនាព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ ហើយចេញសេចក្តីសម្រេចចិត្តបញ្ចប់នីតិវិធីនៅពេលនោះតែម្តង។
-ក្នុងករណីដែលគណៈកម្មការអឺរ៉ុប មិនពេញចិត្តនឹងវឌ្ឍនភាពដែលកម្ពុជា បានបង្ហាញនោះ ក្រុមការងាររបស់គណៈកម្មការអឺរ៉ុប នឹងប្រើប្រាស់រយៈពេល ៦ខែនេះ ដើម្បីរៀបចំរបាយការណ៍ដែលអមជាមួយនឹងអនុសាសន៍របស់ខ្លួន សម្រាប់ជូនទៅគណៈកម្មការអឺរ៉ុបទាំងអស់ និងប្រធានគណៈកម្មការដើម្បីពិនិត្យ និងសម្រេចថាតើត្រូវព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ឬយ៉ាងណា។ ប្រសិនបើ គណៈកម្មការទាំងអស់សម្រេចថាព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នោះគឺត្រូវការរយៈពេល ៦ខែទៀត ទើបសេចក្តីសម្រេចចុងក្រោយចូលជាធរមាន៕