រដ្ឋសភា​ពិនិត្យ​នីតិវិធី ដើម្បី​ទទួល​ជំនួយ​វៀតណាម​ ២៥លាន​ដុល្លារ មក​សាងសង់​អគារ​រដ្ឋបាល

  • 2019-03-06 06:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ងួន ញ៉ិល អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ គណៈកម្មការ​ចំពោះ​កិច្ច និង​គណៈ​កម្មការ​ប្រតិបត្តិ​របស់​រដ្ឋសភា ដើម្បី​រៀបចំ​នីតិវិធី​ក្នុងការ​ទទួល​ជំនួយ​របស់​ប្រទេស​វៀតណាម មក​សាងសង់​អគារ​រដ្ឋបាល​រដ្ឋសភា​កម្ពុជា ដែលមាន​តម្លៃ​២៥លានដុល្លារ។

កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​លើ​របៀប​វារៈ​មួយ​ចំនួន​ដូចជា៖

-រៀបចំ​នូវ​នីតិវិធី​សម្រប​សម្រួល ក្នុងការ​ទទួល​ជំនួយ ដែលមាន​ចែងក្នុង​មាត្រា២ នៃ​អនុស្សារណៈ​យោគយល់ MOU រវាង​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម និង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា ដែល​តម្រូវឲ្យ​ភាគី​កម្ពុជា ត្រូវជូនដំណឹង​ដល់​ភាគី​វៀតណាម អំពី​អ្នក​សម្រប​សម្រួល​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើសហប្រតិបត្តិការ​ជាមួយ​ភាគី​វៀតណាម ក្នុងការ​ត្រៀម​រៀបចំ​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ និងធ្វើជា​តំណាង​ឲ្យរាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្ត​កិច្ច​ព្រមព្រៀង។

-ចាត់ចែង​ការត្រួតពិនិត្យ​ជាក់ស្ដែង​នូវការ​អនុវត្ត​គម្រោង​សាងសង់​តាម​មធ្យោបាយ​ដែល​មាន និង​ជ្រើសរើស​យក​ក្រុមហ៊ុន​កុងស៊ុល​តង់​បរទេស មកធ្វើ​សវនកម្ម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​បញ្ហា​ផ្សេងៗ។

សូម​ជម្រាប​ថា ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈយោគយល់ MOU នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​អំឡុងពេល​ដែល លោក ង្វៀន ភូជុង ប្រធាន​រដ្ឋវៀតណាម បាន​បំពេញ​ទស្សនកិច្ច​ជាផ្លូវរដ្ឋ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃទី២៥ ដល់ ២៦ ខែ​កុម្ភៈ ឆ្នាំ២០១៩​កន្លងទៅ​នេះ។

លោក​ ងួន ញ៉ិល បាន​ជំរុញ​ឱ្យ​ពន្លឿន​នីតិវិធីមួយ​ចំនួន​ឱ្យចប់​សព្វគ្រប់ ដើម្បី​ផ្តើមការ​សាងសង់​អគារ​ដ៏មាន​សារៈសំខាន់ ដែល​ជា​កន្លែង​ធ្វើការ​របស់​មន្រ្តី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នេះ៕

អត្ថបទ​ទាក់ទង៖ កម្ពុជា-វៀតណាម ចុះ​កិច្ចព្រមព្រៀង​៥ ពាក់ព័ន្ធ​នឹង​ដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និង​ការសង់​អគារ​​រដ្ឋសភា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;