ចិន ផ្អាក​ហោះហើរ​យន្តហោះ 737 Max គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់

  • 2019-03-11 02:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ចិន បាន​ចេញ​ការ​ណែនាំ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ ធ្វើ​ការ​ផ្អាក​ការ​ហោះហើរ​ប្រភេទ​យន្តហោះ Boeing 737 Max ទាំងអស់ បន្ទាប់​ពី​យន្តហោះ​នេះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី​ Ethiopian Airlines បាន​ធ្លាក់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ប្រទេស​អេត្យូពី​។

ជើង​ហោះហើរ​លេខ ET302 ខាង​លើ បាន​ធ្លាក់ ក្រោយ​ចាក​ចេញ​ពី​ក្រុង Addis Ababa ប្រទេស​អេត្យូពី តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អំឡុង​ហោះហើរ​ទៅ​ក្រុង Nairobi ប្រទេសកេនយ៉ា ​ដែល​សម្លាប់​មនុស្ស​ចំនួន ១៥៧​នាក់។

នេះ​ជា​ឧបទ្ទវហេតុ​លើក​ទី២ ក្នុង​រយៈពេល ៥​ខែ ដែល​បាន​កើត​ឡើង​ចំពោះ​យន្តហោះ Boeing 737 Max របស់​ក្រុមហ៊ុន​អាមេរិក ប៊ូអ៊ីញ។ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ យន្តហោះ​ដូចគ្នា​របស់​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី Lion Air បាន​ធ្លាក់​នៅ​សមុទ្រ​ចាហ្វា ប្រទេស​ឥណ្ឌូណេស៊ី​ បណ្ដាល​ឲ្យ​ស្លាប់ ១៨៩​នាក់។ មូលហេតុ​ធ្លាក់​ជើង​ហោះហើរ Lion Air នេះ គឺ​ដោយសារ​បញ្ហា​បច្ចេកទេស​របស់​យន្តហោះ​។

សូម​ជម្រាប​ថា យន្តហោះ 737 Max ​ជា​ម៉ូដែល​ផលិត​ដោយ ប៊ូអ៊ីញ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ហោះហើរ​ ជាលើកដំបូង​ កាលពី​ឆ្នាំ​២០១៧។ ប៊ូអ៊ីញ បាន​បញ្ជូន​យន្តហោះ​ម៉ូដែល 737 Max ចំនួន ២១៩​គ្រឿង ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា។ ហើយ​ក្រុមហ៊ុន​ដដែល​ទទួល​បាន​ការ​កុម្ម៉ង់​ចំនួន ៤៥០០ ពី​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​។

យោង​តាម​ក្រុមហ៊ុន​ប៊ូអ៊ីញ គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០១៩ ក្រុមហ៊ុន​ចិន ដែល​បាន​ទិញ​យន្តហោះ 737 Max ពីប៊ូអ៊ីញ មាន​ដូចជា Southern Airlines មាន ១៦គ្រឿង (កំពុង​កុម្ម៉ង់​ថែម ៣៤​គ្រឿង), Eastern Airlines មាន ១៣គ្រឿង និង Air China មាន ១៤​គ្រឿង ព្រមទាំង​ក្រុមហ៊ុន​២ទៀត ដែល​មិន​ត្រូវ​បាន​បញ្ជាក់​ពី​ចំនួន​យន្តហោះ​៕

អត្ថបទទាក់ទង ប៊ូអ៊ីញ ចេញ​ការ​ណែនាំ​ឲ្យ​ប្រុង​ប្រយ័ត្ន​ប្រព័ន្ធ Sensor ​ក្រោយ​ការ​ធ្លាក់​យន្តហោះ Lion Air

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;