ប្រធាន​អង្គការ​មួយ​របស់ UN រួចជីវិត​ ដោយសារ​ខក​ជើង​យន្តហោះ​ដែល​ធ្លាក់

  • 2019-03-11 04:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សមាគម​សំណល់រឹង​អន្តរជាតិ ដែល​ជា​អង្គការ​មួយ​ក្រោម​ដំបូល​អង្គការ​សហ​ប្រជា​ជាតិ (UN) លោក Antonis Mavropoulos បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់ បន្ទាប់​ពី​ខក​ជើង​ហោះហើរ ដែល​បាន​ធ្លាក់​ពេល​ចាកចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង Addis Ababa ប្រទេស​អេត្យូពី កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩។

លោក Mavropoulos ដែល​មាន​សញ្ជាតិ​ក្រិក បាន​រៀបរាប់​លើ​ផុស​មួយ ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ខឹង​យ៉ាង​ខ្លាំង ព្រោះ​មិន​មាន​នរណា​ម្នាក់​ជួយ​នាំ​រូប​ខ្ញុំ​ទៅ​កាន់​ច្រក​ឡើង​យន្តហោះ​ទាន់​ពេល​វេលា​»។

ប្រធាន​សមាគម​សំណល់រឹង​អន្តរជាតិ របស់ UN បាន​ទៅ​ដល់​ច្រក​ឡើង​យន្តហោះ យឺត ២នាទី ក្រោយ​ទ្វារ​ត្រូវ​បាន​បិទ។ ​លោក​បាន​កក់​ជើង​ហោះ​ហើរ មួយ​ផ្សេង​ទៀត បន្ទាប់ពី​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ រារាំង​មិន​ឲ្យ​លោក​ឡើង​យន្តហោះ​។

«ពួកគេ​បាន​នាំ​ខ្ញុំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស ក្នុង​ព្រលាន​យន្តហោះ​នោះ។ ប៉ូលិស​បាន​ណែនាំ​ខ្ញុំ ​ឲ្យ​ឈប់​តវ៉ា​ទៀត​ទៅ​ ហើយ​​អរគុណ​ព្រះ ព្រោះ​ខ្ញុំ​គឺ​ជា​អ្នក​ដំណើរ​តែ​ម្នាក់​គត់​ដែល​មិន​បាន​ជិះ​លើ​ជើង​ហោះហើរ ET302 ដែល​បាន​បាត់​ចេញ​​ពី​រ៉ាដា​»។ លោក Mavropoulos បន្ត។

យោង​តាម​សេចក្ដី​រាយការណ៍​ ឲ្យ​ដឹង​ថា អ្នក​ជិះ ១៥៧​នាក់​នៅ​លើ​យន្តហោះ​ដែល​ជួប​ឧបទ្ទវហេតុ​ខាងលើ មាន​ចំនួន​ជាង ៣០​សញ្ជាតិ ក្នុង​នោះ​សញ្ជាតិ​កេនយ៉ា កាណាដា និង​អេត្យូពី មាន​ច្រើន​ជាងគេ​។ ជាមួយគ្នានេះ ក៏​មាន​បុគ្គលិក​មកពី​ UN មួយចំនួនផងដែរ៕

អត្ថបទទាក់ទង

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;