ក្រសួង​សាធារណការ បង្ហាញ​រូបគំរូ​ផ្លូវក្រវាត់​ក្រុងទី៣

  • 2019-03-11 07:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ចុងសប្តាហ៍​កន្លងទៅ បាន​បង្ហាញ​រូប​គំរូ​ផ្លូវ​ក្រវាត់​ក្រុងទី៣ ដែលមាន​ប្រវែង​សរុប ៥២,៩៨៣គីឡូម៉ែត្រ (ជិត ៥៣​គីឡូម៉ែត្រ)។

ផ្លូវ​ក្រវាត់ក្រុង​ទី៣នេះ តភ្ជាប់​ចាប់​ពី​ផ្លូវជាតិ​លេខ៦ កាត់តាម​មហាវិថី​ឈ្នះឈ្នះ និង​ស្ពាន​ព្រែកព្នៅ ឆ្លងកាត់​ផ្លូវ​ និង​ស្ពាន ក្នុង​ភូមិសាស្រ្ត​រាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល​ដូចខាងក្រោម៖

​-ផ្លូវជាតិលេខ៤​ (ភ្នំពេញ​) (ស្ពាន​អាកាស)

-ផ្លូវជាតិលេខ៣​ (ភ្នំពេញ​) (ស្ពាន​អាកាស)

-​ផ្លូវជាតិលេខ២​ (ភ្នំពេញ​) (ស្ពាន​អាកាស)

-​ផ្លូវជាតិលេខ២១ (កណ្តាល) (ស្ពាន​អាកាស)

-ផ្លូវជាតិលេខ២១A (កណ្តាល) ​

-ស្ពាន​បាសាក់ (កណ្តាល) (គម្រោងសាងសង់ស្ពានចំនួន២ ប្រវែង​សរុប​ ៩៩០​ម៉ែត្រ)

-ផ្លូវលេខ១១០​ (កណ្តាល)

-ភ្ជាប់ផ្លូវជាតិលេខ១ (កណ្តាល)។

គម្រោង​សាងសង់​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣​លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោស​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ។ ការ​សាងសង់​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់ Shanghai Construction Group Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd និង​ចំណាយ​រយៈពេល​សាងសង់​ចំនួន ៤២​ខែ ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០១៨ និង​បញ្ចប់​នៅខែធ្នូ ឆ្នាំ២០២១។

ផ្លូវ​ក្រវាត់​នេះ​ មាន​ទំហំ​ទទឹង​ផ្លូវ​រហូត​ដល់ទៅ ២៧ម៉ែត្រ​សម្រាប់​ទីប្រជុំជន (ប្រវែង ២,៨គីឡូម៉ែត្រ) និង​សម្រាប់​ក្រៅទី​ប្រជុំជន​វិញ​មាន​ទំហំ​ទទឹង​ផ្លូវ ២៥​ម៉ែត្រ (ប្រវែង ៤៤,៨គីឡូម៉ែត្រ) ដោយមាន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់ផ្លូវ​ក្រៅក្រុង។

សម្រាប់​ទី​ប្រជុំជន៖ ផ្លូវនេះ​មាន៤គន្លង​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍ (២ទៅ២មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ៣,៥ម៉ែត្រ និង​២គន្លង​សម្រាប់​ម៉ូតូ (១ទៅ​១មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ២,២៥​ម៉ែត្រ ព្រមទាំង​ខឿន​ និង​សួន​ពុះ​ចែកទ្រូងផ្លូវ មាន​ទំហំ​ទទឹង ៣,៥ម៉ែត្រ និង​ផ្លូវ​ថ្មើរជើង​សងខាង ២,២៥​ម៉ែត្រ។

សម្រាប់​ក្រៅទី​ប្រជុំជន៖ ផ្លូវនេះ​មាន ៤គន្លង​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍ (២ទៅ២មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ៣,៥ម៉ែត្រ និង​២គន្លង​សម្រាប់​ម៉ូតូ (១ទៅ​១មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ២,២៥​ម៉ែត្រ ព្រមទាំង​ខឿន​ និង​សួន​ពុះ​ចែកទ្រូងផ្លូវ មាន​ទំហំ​ទទឹង ៣,៥ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​សងខាង ១,៥​ម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;